
រដ្ឋធានីញូវដេលី និងរដ្ឋជិតខាងជាច្រើន នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគ្របដណ្ដប់ដោយស្រទាប់ផ្សែងអ័ព្ទដ៏ក្រាស់ នៅថ្ងៃសៅរ៍ (ទី១៨ ខែវិច្ឆិកា) នេះ ខណៈដែលចំហេះពីកសិដ្ឋាន បានឆាបឆេះរាលដាលនៅក្នុងរដ្ឋក្បែរៗនោះ បើទោះបីជាមានការហាមឃាត់ដោយបញ្ជារបស់តុលាការក៏ដោយ ដោយពេលនេះសន្ទស្សន៍គុណភាពខ្យល់ (AQI) មានលើសពីកម្រិត ៤៥០ នៅក្នុងតំបន់មួយចំនួន។
អ្នកស្រុកបានត្អូញត្អែរពីការពិបាកដកដង្ហើម ហើយមានអារម្មណ៍ថា កាន់តែពិបាកក្នុងការធ្វើសកម្មភាពរាងកាយខាងក្រៅប្រចាំថ្ងៃ។ កម្រិតការបំពុលបានកើនឡើង ចាប់តាំងពីដើមសប្តាហ៍នេះ បន្ទាប់ពីការសម្រាករយៈពេលខ្លី និងវិធានការកាត់បន្ថយបន្ថែមទៀត កំពុងត្រូវបានពិភាក្សា ប៉ុន្តែផែនការធ្វើឲ្យមានភ្លៀងធ្លាក់តាមរយៈការបណ្ដុះពពក ដើម្បីដោះស្រាយជាមួយផ្សែងអ័ព្ទ ត្រូវបានពន្យារពេលដោយសារតែអាកាសធាតុមិនអំណោយផល។
តាមរបាយការណ៍ បានឲ្យដឹងថា មានការដុតកសិដ្ឋានជាង ២.៥០០កន្លែង នៅរដ្ឋ Punjab កាលពីថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) ភាគខាងជើងនៃទីក្រុងញូវដេលី ខណៈដែលកសិករមិនបានអនុវត្តតាមបញ្ជារបស់តុលាការកំពូល ដែលហាមឃាត់មិនឲ្យដុតសំណល់កសិផល និងនគរបាលក្នុងតំបន់ ដែលបានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពួកគេ៕