
សហជីពកម្មករអ៊ីតាលី កាលពីថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) ប្រមូលមនុស្សបានរាប់ម៉ឺននាក់ ដើម្បីគាំទ្រដល់ការធ្វើកូដកម្មនៅថ្ងៃបុណ្យជាតិ ដែលជំទាស់នឹងរដ្ឋាភិបាល ជុំវិញថវិកាឆ្នាំ២០២៤។
UIL និង CGIL ដែលជាសហជីពជាតិធំៗចំនួន២ របស់ប្រទេសអ៊ីតាលី រិះគន់សេចក្តីព្រាងថវិកាថា បានគំរាមកំហែងដល់សុខុមាលភាពរបស់កម្មករ និងថា បានបង្កើតនូវធានការផ្សេងៗ ដែលនឹងកម្រិតសិទ្ធិសេរីភាពរបស់ពួកគេ ក្នុងការធ្វើកូដកម្មដើម្បីឲ្យមានការដោះស្រាយចំពោះការទាមទារនានា។
ការប៉ាន់ប្រមាណពីចំនួនអ្នកចូលរួមមិនដូចគ្នានោះទេ ប៉ុន្តែសហជីពបានឲ្យដឹងថា មនុស្សប្រហែល ៦០.០០០នាក់បានចូលរួមមហាបាតុកម្មនេះ នៅទីលាន Piazza del Popolo របស់ទីក្រុងរ៉ូម ខណៈដែលរបាយការណ៍របស់នគរបាលបានលើកឡើងថា មានបាតុករ «យ៉ាងហោចណាស់» ៥០.០០០នាក់។
កូដកម្មដំបូងឡើយ គ្រោងធ្វើពេញមួយថ្ងៃ ប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹម ៤ម៉ោងវិញ បន្ទាប់ពីមានលិខិតបញ្ជាពីលោក Matteo Salvini ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕