
កិច្ចប្រជុំបណ្ដាមេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៣០ បានបញ្ចប់ជាស្ថាពរហើយ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) ជាមួយនឹងការអនុម័តលើសេចក្តីថ្លែងការណ៍ Golden Gate ស្តីពីការបង្កើតអនាគតដ៏រឹងមាំ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំរយៈពេល ២ថ្ងៃ បានលើកឡើងថា៖ «យើងត្រូវទាញយកផលប្រយោជន៍ពីភាពរីកចម្រើននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ច ដើម្បីបន្តបញ្ចេញសក្តានុពលដ៏ធំសម្បើម និងថាមពលដ៏ខ្លាំងក្លា នៅទូទាំងតំបន់របស់យើង ជំរុញកំណើនសេដ្ឋកិច្ច និងព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមបរិស្ថាន ក្នុងនោះរួមទាំងបម្រែបម្រួលអាកាសធាតុផងដែរ»។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ បណ្ដាមេដឹកនាំសេដ្ឋកិច្ច APEC បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ មេដឹកនាំទាំងនោះ បានប្តេជ្ញាធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ចកាន់តែប្រសើរឡើង នៅក្នុងតំបន់តាមរបៀបដែលជំរុញដោយទីផ្សារ។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំរបស់បណ្ដាមេដឹកនាំនេះ គឺជាចំណុចលេចធ្លោនៃសប្តាហ៍របស់មេដឹកនាំ APEC ដែលធ្វើឡើងនៅសាន់ហ្វ្រាន់ស៊ីស្កូ នាថ្ងៃទី ១១-១៧ ខែវិច្ឆិកា ជាមួយនឹងប្រធានបទ «បង្កើតអនាគតដ៏រឹងមាំ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា»៕