
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីល្ងាចថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) ដែលជាជំនួបស្វែងរកផ្លូវដោះស្រាយ ដើម្បីកាត់បន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង និងដើម្បីស្តាររលទ្ធភាពចូលទៅនេសាទរបស់អ្នកនេសាទហ្វីលីពីនឡើងវិញ។
នៅខាងក្រៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ APEC នាទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក លោក Marcos បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសហ្វីលីពីន និងចិនចាំបាច់ត្រូវបន្តមានទំនាក់ទំនងជាមួយគ្នា ដោយការជួបគ្នាគឺជាផ្នែកដ៏សំខាន់នៃដំណើរការរក្សាសន្តិភាព និងបន្តបើកចំហផ្លូវសមុទ្រ និងផ្លូវអាកាស នៅសមុទ្រចិនខាងត្បូង។
លោក Marcos បានលើកឡើងថា លោកបានសម្តែងការព្រួយបារម្ភចំពោះឧប្បត្តិហេតុ រវាងនាវាចិន និងហ្វីលីពីន ក្នុងនោះរួមទាំងហេតុការណ៍បុកគ្នាមួយផងដែរ ហើយលោកបាននិយាយថា លោកក៏បានលើកឡើងពីបញ្ហាលំបាករបស់អ្នកនេសាទហ្វីលីពីន។ បន្ថែមពីលើនោះ លោក Marcos បានប្រាប់ទៀតថា លោក និងលោក Xi បានព្រមព្រៀងគ្នាថា បញ្ហាភូមិសាស្ត្រនយោបាយ មិនគួរជាកត្តាកំណត់នៃទំនាក់ទំនងរបស់ប្រទេសទាំង២ នោះទេ។
គិតចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២២ លោក Marcos បានមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញា ពោលគឺផ្ទុយពីជំហរគាំទ្រទីក្រុងប៉េកាំងរបស់អ្នកដឹកនាំមុន៕