
ភស្តុតាងជាក់ស្តែងនៃចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា ត្រូវបានបង្ហាញឲ្យឃើញជាមួយសាកសពជាច្រើន ដែលរុំដោយក្រណាត់ពណ៌ស រង់ចាំការប្រមូលនៅខាងក្រៅមន្ទីរពេទ្យឥណ្ឌូនេស៊ី នាថ្ងៃសៅរ៍ (ទី១៨ ខែវិច្ឆិកា) នេះ។
អាជ្ញាធរសុខាភិបាល នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) បានដំឡើងចំនួនអ្នកស្លាប់ដល់ជាង ១២.០០០នាក់ហើយ ក្នុងនោះ ៥.០០០នាក់ ជាកុមារ ហើយសាកសពមួយចំនួន នៅខាងក្រៅមន្ទីរពេទ្យនោះ មើលទៅហាក់ដូចជាកុមារច្រើន។ អង្គការសហប្រជាជាតិចាត់ទុកថា តួលេខទាំងនោះ អាចជឿទុកចិត្តបាន ទោះបីជាឥឡូវនេះ ពួកគេបានធ្វើបច្ចុប្បន្នភាពញឹកញាប់ ដោយសារលំបាកក្នុងការប្រមូលព័ត៌មានក៏ដោយ។
អ្នកស្រុកតំបន់ហ្កាហ្សាម្នាក់ ឈ្មោះ Um Ahmad Hmaid បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ការសម្លាប់រង្គាលដែលពួកគេកំពុងធ្វើ គឺនៅគ្រប់តំបន់នៃភាគខាងជើង ពោលគឺគ្មានកន្លែងណាសុវត្ថិភាពនោះឡើយ នៅភាគខាងជើងនេះ។ ពួកគេមិនលើកលែងសូម្បីសាលារៀន ឬមន្ទីរពេទ្យ ពួកគេមិនបានទុកឲ្យមានកន្លែងសុវត្ថិភាពនោះទេ គ្មានផ្ទះសម្បែងណារួចខ្លួនពីការវាយប្រហារនោះទេ ហើយពិភពលោកកំពុងសម្លឹងមើលពួកយើង»៕