
គណបក្សប្រឆាំងឈានមុខគេទាំង២ របស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ (ទី១៨ ខែវិច្ឆិកា) នេះ មិនអាចឈានដល់ការព្រមព្រៀងគ្នាអំពីថា តើនរណានឹងក្លាយជាអ្នកដឹកនាំគណបក្ស សម្រាប់ការប៉ុនប៉ងប្រជែងតំណែងមេដឹកនាំរួម ក្នុងការបោះឆ្នោតដ៏ធំ ក្នុងខែមករា។
ការត្រៀមលក្ខណៈឆ្ពោះទៅរកក្នុងការបោះឆ្នោតថ្ងៃទី១៣ ខែមករារបស់កោះតៃវ៉ាន់ កំពុងត្រូវបានតាមមើលយ៉ាងយកចិត្តទុកដាក់ ព្រោះវានឹងកំណត់ទំនាក់ទំនងនាពេលអនាគតរបស់ទីក្រុងតៃប៉ិជាមួយប្រទេសចិន ដែលទាមទារកោះគ្រប់គ្រងដោយខ្លួនឯងនេះជាចំណែកនៃទឹកដីរបស់ខ្លួន។ មេដឹកនាំលេចធ្លោជាងគេបច្ចុប្បន្ន គឺមេដឹកនាំទី២ លោក Lai Ching-te របស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច ត្រូវបានប្រទេសចិនចាត់ទុកថា ជាអ្នកគាំទ្រឲ្យមានឯករាជ្យ។
គណបក្ស Kuomingtang (KMT) ដែលជាក្រុមគាំទ្រទីក្រុងប៉េកាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ និងគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលមិនសូវជាមានកេរ្តិ៍ឈ្មោះ បានសន្យាថា នឹងលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ហើយគណបក្សទាំង២ បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះ ដើម្បីវាយតម្លៃការស្ទង់មតិនាពេលថ្មីៗនេះ ដើម្បីកំណត់បេក្ខភាពរបស់គណបក្ស ក្នុងការទៅប្រកួតប្រជែងជាមួយលោក Lai និងគណបក្ស DPP។
សេចក្តីប្រកាសមួយ ត្រូវបានគេរំពឹងទុកថា នឹងកើតមាននៅថ្ងៃសៅរ៍នេះ ប៉ុន្តែគណបក្ស KMT និង TPP មិនយល់ស្របគ្នា ក្នុងការវាយតម្លៃលើភាពលម្អៀងនៃកំហុសឆ្គង សម្រាប់ការស្ទង់មតិ ដែលនាំទៅដល់ការជាប់គាំង ក្នុងការចរចា៕