ភ្នំពេញ÷ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន (អ.ម.ត ចិន) និងសហការី បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូសាកលវិទ្យាល័យ Zhejiang Ocean នៃខេត្តជឺជាំង ប្រទេសចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ ZHANG ZHENZHU សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Zhejiang Ocean, នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនោះដែរ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ អ.ម.ត ចិន បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សាកលវិទ្យាល័យមកកាន់ប្រទេសកម្ពុជា និងបានពាំនាំនូវការសួរសុខទុក្ខពីលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រយ៍សមាគម អ.ម.ត ជូនចំពោះគណៈប្រតិភូ។ ឯកឧត្តម បានបន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងសមាគម អ.ម.ត និងសាកលវិទ្យាល័យ យើងនឹងអាចបង្កើតឱកាសសិក្សាកាន់តែល្អៗបន្ថែមទៀត សម្រាប់និស្សិតកម្ពុជា។
លោកសាស្ត្រាចារ្យ ZHANG ZHENZHU បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជា។ លោកជឿជាក់ថា ភាគីទាំងពីរ នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់និស្សិត និងយុវជន នៃប្រទេសទាំងពីរ ជាពិសេសពង្រឹងដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។ សាកលវិទ្យាល័យ នឹងបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ អ.ម.ត ទាំងកម្មវិធីអាហារូបករណ៍ និងសកម្មភាពផ្សេងៗទៀតឱ្យបានទូលំទូលាយ។
ភាគីទាំងពីរបានបង្ហាញពីសុឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការជ្រើសរើសនិស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យក្រោមកម្មវិធីអាហារូបករណ៍ដែលមានស្រាប់ អោយប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ សាកលវិទ្យាល័យ ប្ដេជ្ញានឹងយកចិត្តទុកដាក់បណ្ដុះបណ្ដាលនិស្សិតកម្ពុជាប្រកបដោយគុណភាព និងស្ដង់ដារ ដើម្បីជាពុទ្ធិសម្រាប់យុវជនកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិនិយាយជារួម និងនិយាយដោយឡែក រឹតចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន អោយកាន់តែរឹងមាំ ទៅថ្ងៃអនាគត។
បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរ បានឯកភាពគ្នាចុះហត្ថលេខាលើឯកសារបំពេញបន្ថែមឱ្យខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាស្ដីពីការទទួលបណ្ដុះបណ្ដាលនិស្សិតកម្ពុជា នៅសាកលវិទ្យាល័យ Zhejiang Ocean ដែលស្ថាប័នទាំងពីរ បានចុះហត្ថលេខានៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ៕
អត្ថបទ រដ្ឋា








