កែប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចុះពិនិត្យទីតាំង និងសម្រេចកំណត់ដំណើរការកម្មវិធីផ្សេងៗ ក្នុងពិធីបុណ្យសមុទ្ររួចរាល់ហើយ រង់ចាំតែអ្នកពាក់ព័ន្ធមករៀបចំតម្លើងកន្លែងរបស់ខ្លួនប៉ុណ្ណោះ។ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ ការរៀបចំកែលម្អសោភ័ណភាពខេត្ត សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកនេះ ។
នៅទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣នៅខេត្តកែប រួមជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកសមាជិកាគណ:កម្មការអន្តរក្រសួងបានចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រ ដើម្បីវាយតម្លៃលើវឌ្ឍនភាពនៃការរៀបចំទីតាំងប្រារព្វពិធី និងពិនិត្យសម្រេចចុងក្រោយទៅលើដំណើរការរៀបចំកម្មវិធីទាំងមូលដើម្បីធ្វើយ៉ាងណា ឲ្យការរៀបចំប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុក ប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និត និងមានប្រសិទ្ធភាពខ្ពស់។ ហើយជាលទ្ទផងក្រោយការពិនិត្យឃើញថា ទីតាំងបានរៀបចំរួចរាល់ ហើយការកំណត់ដំណើរការកម្មវិធីផ្សេងៗក៏បានសម្រេចរួចរាល់ហើយដែរ រង់ចាំតែអ្នកពាក់ព័ន្ធរៀបចំតម្លើងកន្លែងរបស់ខ្លួនប៉ុណ្ណោះ។
ភ្ញៀវទេសចរ និងពលរដ្ឋខេត្តកែបបានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការត្រៀមរៀបចំរបស់អាជ្ញាធរ សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំនេះ ពិសេសខេត្តមានការអភិវឌ្ឍន៍ និងមានកន្លែងទាកទាញជាច្រើន។
ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅថ្ងៃទី១-៣ ខែធ្នូខាងមុខ ក្រោមប្រធានបទ"ទាំងអស់គ្នាដើម្បីទេសចរណ៍ " ចំពោះទីតាំងបែងចែកជា៣តំបន់មាន : តំបន់A (ទីតាំងប្រារពពិធីនៅឆ្នេរ២៧០០ម៉ែត្រក្បែរផ្សារក្តាម) តំបន់B (ឆ្នេរស្រី ស ) និងតំបន់C (បរិវេណខាងមុខសាលាខេត្ត) ចំពោះសកម្មភាពសំខាន់ៗមាន ស្តងពិព័រណ៍ទំនិញ ការដាំដើមឈើតាមឆ្នេរ សកម្មភាពកីឡា ការសម្តែងលីល្បះ ការប្រកុំដន្ត្រី ការដុតកាំជ្រូច បង្ហោះគោមជាដើម៕ ដោយ ៖ អន សារីម











