អុីស្រាអែល ៖ ប្រជាពលរដ្ឋហ្កាហ្សាម្នាក់ លោក អ៊ីយ៉ាដ ហ្សេម (Iyad Zaim) និយាយថា គ្រួសាររបស់លោកពុំមានអ្វីពាក់ព័ន្ធជាមួយក្រុមហាម៉ាស ទេ ហើយបានភៀសខ្លួនទៅភាគខាងត្បូងនៃតំបន់រងការឡោមព័ទ្ធនេះ បន្ទាប់ពីយោធាអ៊ីស្រាអែលបានព្រមានប្រជាជនឱ្យជម្លៀសចេញពីភាគខាងជើង។
លោកបាននិយាយថា កាលពីថ្ងៃសៅរ៍ ១៨ វិច្ឆិកា លោកកំពុងកាន់ទុក្ខចំពោះការបាត់បង់ មីង កូន និងចៅៗរបស់មីងលោក។
យោងតាមក្រុមគ្រូពេទ្យ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្លុកលំនៅឋាននៅភាគខាងត្បូងតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៧ នាក់។
ដោយបានវាយលុកលើភាគខាងជើងនៃតំបន់ហ្កាហ្សា ពេលនេះអ៊ីស្រាអែលកំពុងព្រមានជនស៊ីវិលឱ្យផ្លាស់ប្តូរទីលំនៅ ខណៈកំពុងត្រៀមសម្រាប់ការវាយប្រហារលើក្រុមហាម៉ាសនៅភាគខាងត្បូង។
ការវាយលុកបែបនេះអាចបង្ខំប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ដែលបានផ្លាស់ទីលំនៅរួចហើយឱ្យផ្លាស់ទីម្តងទៀត ព្រមទាំងធ្វើឱ្យមានវិបត្តិមនុស្សធម៌។
កាលពីថ្ងៃសុក្រ ១៧ វិច្ឆិកា ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបានបង្កើនចំនួនអ្នកស្លាប់ដល់ជាង ១២.០០០ នាក់ ក្នុងនោះមានកុមារ ៥.០០០ នាក់។
ការផ្តោតថ្មីៗនៃប្រតិបត្តិការរបស់អ៊ីស្រាអែល គឺមន្ទីរពេទ្យដ៏ធំបំផុត អាល់ ស៊ីហ្វា (Al Shifa) នៅហ្កាហ្សាភាគខាងជើង៕

