
អុីស្រាអែល ៖ យោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយភាគីទាំងពីរ ចំនួនអ្នកស្លាប់ដោយសារជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលនៅតែបន្តបានហក់ឡើងជាង ១៣.៧០០នាក់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ចាប់តាំងពីការផ្ទុះជម្លោះកាលពីថ្ងៃទី ៧ ខែតុលាមក តំបន់ហ្កាហ្សាស្ទ្រីបបានមើលឃើញសោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សជាង ១២.៣០០នាក់ រួមទាំងកុមារជាង៥.០០០ នាក់ និងស្ត្រីជាង ៣.៣០០នាក់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បាននិយាយថា ជាមួយគ្នានេះ ចំនួនអ្នករបួសនៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជាង ៣០.០០០នាក់ ជាង ៧៥ភាគរយនៃជនរងគ្រោះ ជាស្ត្រី និងកុមារ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅថ្ងៃដដែលនោះថាជម្លោះដែលនៅតែអូសបន្លាយនេះ បានសម្លាប់មនុស្ស ២១២ នាក់ និងរបួសជាង២.៨០០ នាក់នៅតំបន់ West Bank ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ពីការស្លាប់របស់ទាហាន ចំនួន ៦ នាក់ក្នុងអំឡុងពេលប្រតិបត្តិការជើងគោកនៅតំបន់ហ្កាហ្សាស្ទ្រីប ខស្របពេលទាហានអ៊ីស្រាអែល ជាច្រើននាក់ផ្សេងទៀតបានរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថាបានដាក់គោលដៅរាប់សិបកន្លែងដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ការវាយប្រហារនោះរួមមានមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ ទីតាំងបាញ់រ៉ូកែត និងមន្ទីរពិសោធន៍ផលិតអាវុធ។ សេចក្តីថ្លែងការណ៍នេះ ក៏បានបញ្ជាក់ដែរថា ក្រុមសកម្មប្រយុទ្ធហាម៉ាសជាច្រើននាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារទាំងនេះ៕

