ហ្វាំងឡង់ ៖ កាលពីព្រឹកថ្ងៃសៅរ៍ ១៨ វិច្ឆិកា ប្រទេសហ្វាំងឡង់ បានបិទច្រកឆ្លងកាត់ព្រំដែនចំនួន ៤ របស់ខ្លួនជាមួយប្រទេសរុស្ស៊ី ខណៈដែលទីក្រុង ហេលស៊ីនគី(Helsinki) ព្យាយាមបញ្ឈប់លំហូរចូលរបស់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដែលខ្លួននិយាយថាត្រូវបានញុះញង់ដោយទីក្រុងមូស្គូ។
ឆ្មាំព្រំដែនហ្វាំងឡង់កាលពីថ្ងៃសុក្រ ១៧ ខែវិច្ឆិកា បានប្រកាសថាខ្លួននឹងដំឡើងរបាំងចាប់ពីពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកនៅឯប៉ុស្តិ៍ព្រំដែន Vaalimaa Nuijamaa Imatra និង ប៉ុស្តិ៍ Niirala នៅភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់ ដែល ប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើដំណើរជាច្រើនរវាងប្រទេសទាំងពីរ។
សារព័ត៌មាន Reuters បានថតក្រុមជនអន្តោប្រវេសន៍មកដល់ប៉ុស្តិ៍ព្រំដែន Vaalimaa កាលពីយប់ថ្ងៃសុក្រ។
គួរឲ្យដឹងថា ហ្វាំងឡង់មានព្រំដែន ជាប់ជាមួយរុស្ស៊ី ប្រវែង១.៣៤០គីឡូម៉ែត្រ ដែលប្រើជាព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុបផងដែរ។ យោងតាមអង្គភាពឆ្មាំព្រំដែន ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ ៣០០នាក់ ដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់ យ៉េមែន សូម៉ាលី និងស៊ីរី បានទៅដល់ប្រទេសហ្វាំងឡង់ក្នុងសប្តាហ៍នេះ ៕

