ក្រុមអាជ្ញាធរសាធារណៈរដ្ឋដូមីកង់ កាលពីថ្ងៃអាទិត្យបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២១នាក់ បានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង មួយថ្ងៃមុន ដែលបានធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ជម្លៀសចេញទីលំនៅឋាន។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (COE) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីរសៀលថ្ងៃអាទិត្យថា មនុស្សជាង១៣.០០០នាក់នៅក្នុងប្រទេសតំបន់ការ៉ាអ៊ីប មួយនេះ ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពបន្ថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះសម្បែង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី បំផ្លិចបំផ្លាញស្ពាន និងផ្នែកខ្លះនៃផ្លូវថ្នល់។

នគរបាលជាតិ បាននិយាយថា ជនរងគ្រោះដោយសារព្យុះនេះ រួមមានមនុស្ស ៩នាក់ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ បណ្តាលឲ្យជញ្ជាំងផ្លូវរូងក្រោមដី បាក់សង្កត់លើរថយន្តរបស់ពួកគេ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ ខាងលើបាននិយាយថា មនុស្សជាង២.៥០០នាក់ ត្រូវបានជួយសង្គ្រោះដោយភ្នាក់ងារការពារ ហើយលំនៅឋានជាង ២.៦០០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយព្យុះនេះ ។
យោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ សហគមន៍ចំនួន ៤៥ បានគ្មានទំនាក់ទំនងទេ គិតត្រឹមរសៀលថ្ងៃអាទិត្យ។
ភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់កន្រ្តាក់បានវាយប្រហារខេត្តមួយចំនួននៃកោះ ស្ថិតក្នុងតំបន់សមុទ្រការ៉ាអ៊ីប ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ក្រុមអាជ្ញាធរបានប្រកាសគ្រាអាសន្នក្នុងខេត្តចំនួន៣០ក្នុងចំណោមខេត្តទាំង៣២របស់ប្រទេសនេះ៕
