ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឈានដល់ខួបលើកទី៧០ឆ្នាំហើយ នាឆ្នាំ២០២៣នេះ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បានធ្វើឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។
ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង សមាគមជប៉ុន-កម្ពុជា ដោយមានការគាំទ្រពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យមានពិធីអុជកាំជ្រួច នាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា តាមរយៈព្រឹត្តិការនេះ ពិតជាបានចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន ឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។ កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ផ្តើមចេញពីទំនាក់ទំនងការទូតរយៈពេល ៧០ឆ្នាំ កន្លងទៅនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងទីក្រុងសម្ព័ន្ធមេត្រី កាន់តែមានភាពស៊ីជម្រៅ ស្អិតរមួតលើគ្រប់វិស័យ ចាប់តាំងពីកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដំឡើងដល់កម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣ បន្ទាប់ពីជំនួបកំពូលទ្វេភាគីរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញកន្លងមក។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា នៅមូលដ្ឋានរាជធានីភ្នំពេញ មិត្តជប៉ុន បានផ្តល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដែលមានដូចជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ជំហានទី៤ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គម្រោងធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ គម្រោងជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជាដើម។ បន្ថែមលើនេះ ក្នុងវិស័យឯកជន ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន អ៉ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា សម្រាប់ការរៀបចំពិធីអុជកាំជ្រួចអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឱកាសនេះ គឺមិនត្រឹមតែធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅ និងជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រជាជាតិទាំងពីរ ក្នុងស្មារតីផ្តល់ការឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ដើម្បីរំលឹកពីខួប មិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាទំនាក់ទំនងរវាងក្រុមហ៊ុនឯកជន និងអង្គការនានារបស់ជប៉ុនឲ្យកាន់តែរឹងមាំថែមទៀត។ ថ្ងៃនេះពិតជាបង្ហាញឲ្យឃើញកាន់តែច្បាស់ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន និងសូមឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា












