អ៊ីស្រាអែលបានបង្កើនការចោទប្រកាន់ពីការរំលោភបំពានរបស់ក្រុមហាម៉ាស នៅមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ស្ទ្រីប កាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដោយនិយាយថា ទាហានឈ្លើយសឹកម្នាក់របស់ខ្លួនត្រូវបានសម្លាប់ ហើយចំណាប់ថ្នូរបរទេសពីរនាក់ ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរពេទ្យនោះ ដែលជាការផ្តោតសំខាន់នៃការវាយលុកដ៏បង្ហូរឈាមរយៈពេលប្រាំមួយសប្តាហ៍របស់ខ្លួន។
មន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ដែលជាទីស្នាក់នៅសម្រាប់ជនភៀសខ្លួនពីសង្រ្គាមប៉ាឡេស្ទីនរាប់ម៉ឺននាក់ បាននិងកំពុងជម្លៀសអ្នកជំងឺ និងបុគ្គលិកចាប់តាំងពីកងទ័ពអ៊ីស្រាអែលបានវាយលុកកាលពីសប្តាហ៍មុន លើអ្វីដែលពួកគេហៅថាបេសកកម្មដើម្បីកម្ចាត់កន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស។
អ៊ីស្រាអែលក៏កំពុងស្វែងរកមនុស្សប្រហែល ២៤០នាក់ ដែលក្រុមហាម៉ាស ចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុកឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមនេះ។
មនុស្សម្នាក់ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនទាំងនោះជាទាហានអ៊ីស្រាអែល វ័យ១៩ឆ្នាំ ឈ្មោះ ណូអា ម៉ាសៀណូ (Noa Marciano) ដែលសាកសពរបស់នាងត្រូវបានរកឃើញនៅជិតមន្ទីរពេទ្យស៊ីហ្វា កាលពីសប្តាហ៍មុន។ ប្រមុខអ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា «យោងតាមព័ត៌មានស៊ើបការណ៍ជាក់លាក់បានឲ្យដឹងថា ទាហានឈ្មោះ Noa ត្រូវបានក្រុមភេរវករ ហាម៉ាស ចាប់យកនៅខាងក្នុងមន្ទីរពេទ្យ ស៊ីហ្វា ហើយនាងត្រូវបានសម្លាប់ដោយភេរវករហាម៉ាស»។
ប៉ុន្តែក្រុមហាម៉ាសបាននិយាយថា ទាហានរូបនោះបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ហើយបានចេញវីដេអូដែលហាក់ដូចជាបង្ហាញពីសាកសពរបស់នាង ដោយគ្មានស្លាកស្នាមរបួសអ្វីឡើយ លើកលែងតែរបួសក្បាលប៉ុណ្ណោះ៕


