ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា ប្រទេសជាតិមួយអាចដំណើរការនៃការអភិវឌ្ឍទៅបាន លុះត្រាសេដ្ឋកិច្ចនៃប្រទេសមួយនោះ មានការរីកចំរើន និងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ទើបការអភិវឌ្ឍអាចប្រព្រឹត្តទៅបាន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងនៅក្នុង ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ អគារថ្មីនៃគណៈកម្មកាមូលបត្រកម្ពុជា នៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២០ ម្សិលមិញនេះថា អគារថ្មីនៃគណៈកម្មការមូលបត្រកម្ពុជា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាទីកន្លែងធ្វើការដ៏ស័ក្ដិសម សម្រាប់មន្ត្រីបំពេញការងារ ក្នុងនាមជាអាជ្ញាធរក្នុងវិស័យមូលបត្រឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដូច្នេះ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការ មូលបត្រកម្ពុជាទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដែលក្រសួងបានប្រគល់ជូន ដើម្បីប្តូរមកវិញនូវផលប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិ ជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែលជាទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេច មានទស្សនៈវិស័យច្បាស់លាស់ ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច ដែលជាបច្ច័យដ៏ចម្បង នៃការអភិវឌ្ឍជាតិ ប្រែក្លាយជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសការកាត់បន្ថយនូវអត្រានៃភាពក្រីក្រនៅកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ប្រទេសជាតិមួយអាចដំណើរការនៃការអភិវឌ្ឍបាន ល្គឹកណាសេដ្ឋកិច្ចនៃប្រទេសមួយនោះមានការរីកចំរើន មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ទើបការអភិវឌ្ឍអាចប្រព្រឹត្តទៅបាន ។ ដូច្នេះមន្ត្រីទាំងអស់ មិនថាតែមន្ត្រីនៅគណៈកម្មការ មូលបត្រកម្ពុជានេះទេ ពោលគឺ មន្ត្រីនៅគ្រប់ក្រសួង-ស្ថាប័នរដ្ឋទាំងអស់ ត្រូវតែខិតខំបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីបំរើប្រទេសជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ស្វាហាប់ក្នុងការដឹកនាំប្រទេស ឆ្ពោះទៅរកការរីកចម្រើនឥតឈប់ឈរ ៕
អត្ថបទ៖ សុន រ៉ាឌី




