ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញផែនការតភ្ជាប់បណ្តាញអគ្គិសនីតាមភូមិទាំងអស់នៅក្នុងប្រទេស។
រដ្ឋាភិបាលអូស្ត្រាលី សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅតាមភូមិជនបទ ដែលមិនទាន់មានការផ្គត់ផ្គង់ទៅដល់។ នេះជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការតភ្ជាប់បណ្តាញអគ្គិសនីសម្រាប់ប្រជាពលរដ្ឋ នៅតាមតំបន់ដែលដាច់ស្រយោល ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។
កិច្ចព្រមព្រៀងនៃការផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ដោយមានចូលរួមដោយ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Luke Arnold ភារៈធារី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងរបស់របស់អូស្ត្រាលីមានទឹកប្រាក់ ១,២ លានដុល្លារ អូស្ត្រាលី ឬស្នើនឹង ៩២ម៉ឺនដុល្លារអាមេរិក។ ការអនុវត្តគម្រោងមានរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍ឱ្យដឹង នៅថ្ងៃទី១០នេះថា គម្រោងនេះពិតជាមានសារសំខាន់ ចូលរួមជាមួយរដ្ឋាភិបាលក្នុងការតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់គ្រប់ភូមិទាំងអស់នៅកម្ពុជា។ គម្រោងអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទនៅភូមិដែលមិនទាន់មានការផ្គត់ផ្គង់ គឺផ្តោតលើការបំពាក់ផ្ទាំងសូឡា ដើម្បីផលិតថាមពលប្រើប្រាស់តាមខ្នងផ្ទះតាមទីជនបទ។
គិតមកពេលបច្ចុប្បន្ន ការតភ្ជាប់អគ្គិសនីទៅកាន់ភូមិទូទាំងប្រទេសសម្រេចបានជាង ៩៧ភាគរយនៃភូមិសរុប ប្រមាណ ១៤ ១៦៨ភូមិ។ ផ្អែកតាមតួលេខនេះ កម្ពុជានឹងសម្រេចបានគោលដៅ ក្នុងការតភ្ជាប់បណ្តាញអគ្គិសនីនៅភូមិទាំងអស់ទូទាំងប្រទេសនៅឆ្នាំ២០២១នេះ៕
អត្ថបទ វណ្ណៈ
