មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមីណេ ( Ayatollah Ali Khamenei) បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល បានរង «ការបរាជ័យ» នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគាំទ្រដោយអ៊ីរ៉ង់ ហើយថា វាគឺជា «ការពិត»។

អ៊ីស្រាអែល បាននិងកំពុងវាយលុកតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ចាប់តាំងពីក្រុមសកម្មប្រយុទ្ធ បានវាយលុកឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។

រដ្ឋាភិបាលក្រុមហាម៉ាស និយាយថា យុទ្ធនាការទម្លាក់គ្រាប់បែក និងការវាយលុកថ្នើរជើងរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១២.៣០០នាក់នៅក្នុងទឹកដីប៉ាឡេស្ទីនដ៏តូចចង្អៀត រួមទាំងកុមារជាង ៥.000 នាក់ផងដែរ។
ក្នុងសុន្ទរកថាមួយនៅមជ្ឈមណ្ឌលកងកម្លាំងការពារដែនអាកាសរបស់កងឆ្មាំបដិវត្តន៍ឥស្លាម ក្នុងរដ្ឋធានីតេអេរ៉ង់ លោកខាមីណេ បាននិយាយថា «ការបរាជ័យនៃរបបជ្វីហ្វនិយម (អ៊ីស្រាអែល) នៅហ្កាហ្សា គឺជាការពិត»។
លោក បានបន្តថា៖ «ការរុលទៅមុខ និងចូលទៅក្នុងមន្ទីរពេទ្យ ឬផ្ទះប្រជាពលរដ្ឋ មិនមែនជាជ័យជម្នះទេ ព្រោះជ័យជម្នះ មានន័យថា ឈ្នះភាគីម្ខាងទៀត»។