
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងពាណិជ្ជកម្មច្បាមរកទីផ្សារនាំចេញថ្មីៗ ថែមទៀតជូនកសិករ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការខិតខំរកទីផ្សារថ្មីជូនដល់កសិករឱ្យបានច្រើនថែមទៀត ខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយជាអាទិភាពទី៥និងទី៦ ក្នុងចំណោមកម្មវិធីគោលនយោបាយជាអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទី៥និងទី៦ ដែលផ្តោតលើវិស័យកសិកម្មនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០វិច្ឆិកានេះ សម្តេច បានគូសបញ្ជាក់ការណែនាំឱ្យច្បាមរកទីផ្សារថ្មីៗថែមទៀតជូនដល់កសិករ និងផលិតផលដទៃទៀត កន្លងមករាជរដ្ឋាភិបាលបានតួនាទីជាអ្នកតម្រង់ទិសសម្របសម្រួល និងដើរតួជាអ្នកចរចាយ៉ាងសកម្មដើម្បីរក ទីផ្សារថ្មីជាមួយនឹងបណ្តាប្រទេសជាមិត្តដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។
សម្តេច បានបញ្ជាក់ជាថ្មីថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ទីផ្សារសេរី។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥.៥លានតោនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៧១ប្រទេស ដោយទទួលបានចំណូលជាង ៣ ពាន់២១៣លានដុល្លារ។ នេះបើតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម។
របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោន ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវចំនួនជាង ១.៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣.៣ លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះចំនួនជាង ១៣%។
ចំណែកតម្លៃ ដែលទទួលបានពីការនាំចេញកសិផលសរុបមានចំនួនជាង ៣ ២១៣ លានដុល្លារអាមេរិក ក្នុងនោះ នាំចេញអង្ករទទួលបានថវិកាជិត ៣៩៥ លានដុល្លារអាមេរិក, ការនាំចេញស្រូវទទួលបានជាង ៦៥៨លានដុល្លារអាមេរិក និង ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត ២ ១៦០ លានដុល្លារអាមេរិក។
ក្រសួងកសិកម្មបានលើកឡើងថា ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ នៅតែបន្តមានបរិមាណតិចជាង កាលពីឆ្នាំ២០២២។ ប៉ុន្តែបើធៀបទៅនឹងរយៈពេល ៨ខែឆ្នាំ២០២៣ ឃើញថា មានកំណើនចំនួន ២.៤២ % ដែលជាក្តីសង្ឃឹមថា ការនាំចេញនឹងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ នៅក្នុងខែខាងមុខៗទៀត ជាពិសេសដំឡូងមីស្រស់៕