ភ្នំពេញ ៖ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់ រ៉ែមាស ជាលក្ខណៈឧស្សាហកម្មដំបូងគេនៅកម្ពុជា នឹងចាប់ផ្តើមដំណើរការ នៅថ្ងៃទៅ២១ខែមិថុនា ខាងមុខនេះ។ ឧស្សាហកម្មរ៉ែមាសដំបូងគេនៅកម្ពុជា នឹងផ្តល់ចំណូលចូលថវិកាជាតិប្រមាណ៤០លានដុល្លារ ក្នុងមួយឆ្នាំ ជាមួយនឹងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។
បន្ទាប់ពីចាប់ផ្តើមដំណើការ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) នឹងទទួលបានចំណូលដុលប្រមាណ១៨៥លានដុល្លារក្នុងឆ្នាំ។ ក្នុងចំណោមចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។
នៅក្នុងសារលិខិតចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចំណូលបានពីវិស័យឧស្សាហកម្មនិស្សារណកម្ម រ៉ែមាស នឹងក្លាយជាប្រភពចំណូលដ៏សំខាន់មួយ និងសម្រាប់កំណើនសេដ្ឋកិច្ច។
សម្តេចតេជោ បញ្ជាក់ថា បន្ថែមថា រាជរដ្ឋាភិបាល នឹងយកទៅប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ វិនិយោគនៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រោងចក្រចម្រាញ់រ៉ែមាសដែលវិនិយោគដោយ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Renaissance ចុះបញ្ជីនៅប្រទេសអូស្ត្រាលី មានសមត្ថភាពផលិតមាសសុទ្ធ បាន៣តោន ក្នុងមួយឆ្នាំសម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុន រំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) បានចំណាយពេលរុករកធនធានធម្មជាតិនេះ អស់រយៈពេលប្រមាណ១៤ឆ្នាំមក ។ Renaissance Minerals ជាក្រុមហ៊ុនទីមួយ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញ ជាមាសដុំពាក់កណ្តាលសម្រេចដែលបានអត្រាមាស៩០ភាគរយ ។
យោងតាម ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល ដោយសារកម្ពុជាមិនរោងចក្រ សម្រាប់បន្សុទ្ធមាស ក្រុមហ៊ុន Renaissance Minerals នឹងនាំចេញ រ៉ែមាសដែលជីក និងចម្រាញ់ នឹងត្រូវយកទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជា ប្រទេសសឹង្ហបុរី និងប្រទេសអូស្ត្រាលី។
ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានចំណូលពីសួយសារ ឬចំណូលមិនមែនសារពើពន្ធ ពីវិស័យអាជ្ញាប័ណ្ណរ៉ែ មានចំនួន ប្រមាណ២០លានដុល្លារ ប្រហាក់ប្រហែលនឹងចំណូលប្រមូលបាន កាលពីឆ្នាំ២០១៩៕
អត្ថបទ ៖ វណ្ណៈ


