ក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ថា ជនជាតិថៃជាងពីររយនាក់ ដែលជាប់នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅភាគខាងជើងនៃសហភាពមីយ៉ាន់ម៉ា រវាងទាហានរដ្ឋាភិបាលរបបសឹក និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ កំពុងត្រូវបានជម្លៀសទៅកាន់ប្រទេសថៃ តាមរយៈប្រទេសចិន។

យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ព្រមទាំងត្រូវបានវាយលុកផ្នែកខ្លះនៃភាគខាងជើងរបស់ខ្លួន ខណៈពួកគេកំពុងទប់ទល់នឹងការវាយលុកសម្របសម្រួលដ៏ធំបំផុត ដែលបានចាប់ផ្តើមកាលពីខែមុនដោយសម្ព័ន្ធមិត្តនៃជនជាតិភាគតិចចំនួនបីក្រុម និងក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ក្រសួងការបរទេសថៃបាននិយាយថា ជនជាតិថៃមួយក្រុមមានគ្នា ២៦៦នាក់ និងចំនួនមិនជាក់លាក់នៃជនជាតិហ្វីលីពីន និងសិង្ហបុរី កំពុងត្រូវបានជម្លៀសចេញពីទីក្រុង Laukkaing ភាគខាងជើងរដ្ឋ សាន ទៅកាន់ព្រំដែនមីយ៉ាន់ម៉ា-ចិន ដោយមានជំនួយពីក្រុមអាជ្ញាធរមីយ៉ាន់ម៉ា។
ក្រសួងការបរទេសនេះបានបន្ថែមថា ក្រុមជម្លៀសនេះនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសចិន ហើយបន្ទាប់មកនឹងហោះហើរពីទីក្រុងគុនមីង របស់ប្រទេសចិន តាមជើងហោះហើរចំនួនពីរទៅកាន់ទីក្រុងបាងកក ដែលពួកគេនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីការជួញដូរមនុស្ស និងកំណត់ត្រាឧក្រិដ្ឋកម្មផ្សេងៗ៕