តាកែវ ÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ដង្ហែអង្គកឋិនទាន វេរប្រគេនព្រះសង្ឃ គង់នៅ វត្តសោមុនីវ័ន្ត ហៅវត្តត្រពាំងបឹង ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
នៅក្នុងឱកាសដែលពុទ្ធិបរិស័ទនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានរួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទកសាងឡើងនៅអង្គកឋិនទានទៅតាមកម្លាំងសទ្ធាដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅគ្រប់ទីអារាម ក្នុងរយៈពេល៣ខែ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ដួចផ្ដើមកសាងឡើងនូវអង្គកឋិនទានដ៏ធំមួយ ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃគង់នៅវត្ត សោមុនីវ័ន្ត ហៅវត្តត្រពាំងបឹង ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាព ។
ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្អូនៗជាសិស្សានុស្ស យុវជន ដាច់ខាតត្រូវជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដោយក្នុងពេលថ្មីៗនេះមានករណីជាច្រើនពាក់ពន្ធ័និងបញ្ហាគ្រឿងញៀនបាននិងកំពុងបង្កភាពចលាចលក្នុងសង្គម។
ឯកឧត្ដម បានបន្តថា ព្រះវិហារនៅវត្តសោមុនីវ័ន្ត ហៅវត្តត្រពាំងបឹង មានសភាពតូច និងចាស់ទ្រុឌទ្រោម ដែលជាហេតុដែលធ្វើឲ្យពុទ្ធបរិស័ទ្ធមានការលំបាកក្នុងការប្រារព្ធពិធីសាសនាផ្សេងៗ ដូច្នេះឯកឧត្ដម និងបន្តជួយកសាងព្រះវិហារនេះអោយបានរួចរាល់យ៉ាងយូរ ៥ឆ្នាំទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ បានមកពីការចូលរួមពីពុទ្ធបរិស័ទ សរុបចំនួនជាង 73លានរៀល វេប្រគេនដល់ព្រះសង្ឃគង់ចាំក្នុងពុទ្ធសីមាអស់កាលត្រីមាស ក្នុងវត្តសោមុនីវ័ន្តហៅវត្ត ត្រពាំងបឹង ក្នុងនោះបច្ច័យរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន ចំនួន 39លាន9សែន9ម៉ឺន9900រៀលផងដែរ។
សូមបញ្ជាក់ថា កឋិនទានបវេណីព្រះពុទ្ធសាសនា គឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា “កឋិន“ ជាភាសា បាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា “សំពត់កឋិន“ ។
បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ។ ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួនចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕














