យានអវកាស Starship មិនមានមនុស្សជិះរបស់ក្រុមហ៊ុន SpaceX ដែលត្រូវបានបង្កើតឡើងដើម្បីដឹកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ និងភពផ្សេងៗទៀត បានបរាជ័យក្នុងលំហអាកាសភ្លាមៗ បន្ទាប់ពីបានហោះឡើងកាលពីថ្ងៃសៅរ៍ (១៨ វិច្ឆិកា) ដោយធ្វើការសាកល្បងលើកទីពីររបស់វាមានរយៈពេលខ្លី ប៉ុន្តែបានធ្វើដំណើរលើសពីការប៉ុនប៉ងលើកមុនដែលបានបញ្ចប់ដោយការផ្ទុះ។

យានរ៉ូកែតពីរដំណាក់កាលនេះ បានផ្ទុះចេញពីកន្លែងបង្ហោះ Starbase របស់ក្រុមហ៊ុន ដែលគ្រប់គ្រងដោយលោក Elon Musk នៅជិតទីក្រុង Boca Chica ក្នុងរដ្ឋតិចសាស របស់សហរដ្ឋអាមេរិក ដោយបានជួយជំរុញយាន Starship ឡើងដល់កម្ពស់ជាង ១៤៨គីឡូម៉ែត្រ ពីលើដីនៅលើបេសកកម្មសាកល្បងរយៈពេល ៩០នាទី ដែលបានគ្រោងទុកទៅកាន់ទីអវកាស និង ត្រឡប់មកវិញ។

ប៉ុន្តែយានជំរុញដំណាក់កាលដំបូង Super Heavy របស់រ៉ូកែតនេះ បើទោះបីជាវាសម្រេចបាននូវការសាកល្បងដ៏សំខាន់មួយដើម្បីបំបែកខ្លួនជាមួយនឹងដំណាក់កាលយាន Starship ស្នូលរបស់វាក៏ដោយ ក៏វានៅតែផ្ទុះនៅលើឈូងសមុទ្រម៉ិកស៊ិកភ្លាមៗបន្ទាប់ពីការផ្ដាច់ខ្លួនចេញ នេះបើយងតាមការផ្សាយវីដែអូរបស់គេហទំព័រ SpaceX បានបង្ហាញ។
ប្រហែលប្រាំបីនាទីក្នុងបេសកកម្មសាកល្បង ទិដ្ឋភាពកាមេរ៉ាដែលតាមដានយានជំរុញ Starship បានលេចឡើងបង្ហាញពីការផ្ទុះដែលបង្ហាញថាយានអវកាសនេះបានបរាជ័យនៅពេលនោះ។
ការបាញ់បង្ហោះនេះគឺជាការប៉ុនប៉ងលើកទីពីរក្នុងការបញ្ជូនយាន Starship ឲ្យឡើងលើកំពូលយានជំរុញ Super Heavy បន្ទាប់ពីការប៉ុនប៉ងកាលពីខែមេសា ដែលបានបរាជ័យដោយសារផ្ទុះនៅរយៈពេលប្រហែល ៤នាទីបន្ទាប់ពីការហោះឡើង៕