មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា បានអំពាវនាវដល់រដ្ឋមូស្លីមដែលមានទំនាក់ទំនងនយោបាយជាមួយប្រទេសអ៊ីស្រាអែល ឲ្យកាត់ផ្តាច់ទំនាក់ទំនងសម្រាប់ពេលវេលាកំណត់មួយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក បានអំពាវនាវឱ្យដាក់ការហាមឃាត់ប្រេងឥន្ធនៈ និងស្បៀងអាហារលើប្រទេសអ៊ីស្រាអែល។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរួម រវាងសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្លាម និងសម្ព័ន្ធអារ៉ាប់ ក្នុងរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋមូស្លីម ពុំបានព្រមព្រៀងក្នុងការដាក់ទណ្ឌកម្មដ៏ទូលំទូលាយលើអ៊ីស្រាអែល ដូចដែលបានស្នើសុំដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នោះទេ។

លោក Khamenei បានធ្វើការអត្ថាធិប្បាយចុងក្រោយរបស់លោក ខណៈលោកចូលរួមក្នុងការតាំងពិពណ៌ដែលបង្ហាញពី សមិទ្ធិផលថ្មីបំផុតរបស់កងកម្លាំងដែនអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម រួមមានទាំង Fattah 2 ជាកំណែថ្មីនៃអ្វីដែលត្រូវបានគេនិយាយថាជាមីស៊ីលល្បឿនលឿនជាងសំឡេងដំបូង របស់អ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់ បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថា គឺជាមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួននៅក្នុងខែមិថុនា និងបាននិយាយថា វាអាចឆ្លងកាត់ប្រព័ន្ធ ប្រឆាំងមីស៊ីលបាលីស្ទីកទំនើបបំផុតរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។