ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរ នៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក។
ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មដ៏ល្អរបស់អង្គការ UPF នៅក្នុងការស្វែងរកសន្តិភាពជូនតំបន់និងសកលលោក។ កម្ពុជាបានចូលរួមនិងគំាទ្របេសកកម្មនេះជានិច្ច នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ហើយបានបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ ដែលពោរពេញដោយសមត្ថភាពនិងថាមពល។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា UPFមានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ ដូច្នេះនៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្តនយោបាយ សង្រ្គាម និងភាពមិនប្រាកដប្រជានោះ UPFគួរស្វែងរកលទ្ធភាពកាន់តែច្រើនជាមួយរដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាពដ៏មានតម្លៃនេះ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានចូលរួមជាមួយវេទិកាអន្តរសភាជាច្រើន នៅក្នុងការលើកកម្ពស់សន្តិភាពនិងកិច្ចសន្ទនាដូចជា AIPA, APPF, APF, ASEP ជាដើម ។
ជាមួយគ្នា ឯកឧត្តមបណ្ឌិត Charles S. Yang បានសម្តែងការអបអរសាទចំពោះជោគជ័យរបស់កម្ពុជា ដែលបានរៀបចំការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌បំផុត កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក ដោយនៅក្នុងនោះ UPFបានចូលរួមសង្កេតការណ៍ដោយផ្ទាល់ផងដែរ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានចូលរួមអបអរសាទរ ជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងប្រធានរដ្ឋសភា និងបានប្រគល់ជូន សម្តេចរដ្ឋសភាធិបតីនូវលិខិតអបអរសាទររបស់បណ្ឌិត Hak Ja Han Moon ស្ថាបនិក UPF ជូនសម្តេចរដ្ឋសភាធិបតី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ឯកឧត្តម បានគូសបញ្ជាក់ថា UPFទំាងមូលមានជំនឿជឿជាក់ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទំាងរដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិនិងប្រជាជន។
ឯកឧត្តមបណ្ឌិត Charles S. Yang បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាពីលទ្ធផលជាច្រើន នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ UPF នៅកម្ពុជា នៅក្នុងនោះ គណៈប្រតិភូបានទស្សនកិច្ចវិមានឈ្នះឈ្នះផងដែរ។ ឯកឧត្តមក៏លើកឡើងពីគម្រោងរៀបចំសន្និសីទមួយចំនួនរបស់UPF ដើម្បីសន្តិភាព នាពេលមុខ និងស្នើសូមរដ្ឋសភាកម្ពុជាគំាទ្រ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ជាមេរៀនសំខាន់មួយ ដែលពិភពលោក ត្រូវរៀនសូត្រនៅក្នុងការបញ្ចប់សង្រ្គាមនិងកសាងសន្តិភាព។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគំាទ្រដល់បេសកកម្មរបស់UPF។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបជូន គណៈប្រតិភូបន្ថែមថា ទំាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា បានចាត់ទុកសុខសន្តិភាពជាអាទិភាព ដែលត្រូវលើកកម្ពស់ និងការពារជានិច្ច។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា គោលការណ៍គ្រឹះនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការធានាថែររក្សាសុខសន្តិភាព និងការលើកកម្ពស់ជីវភាពពលរដ្ឋ ឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ថែមលើនេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់គណៈប្រតិភូជួយចូលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជួយទាក់ទាញអ្នកទេសចរនិងអ្នកវិនិយោគ ជួយដល់ការបណ្តុះបណ្តាលនិងផ្តល់ជាសម្ភារៈនៅក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីបម្រើសេវាជូនតំណាងរាស្រ្តកាន់តែមានប្រសិទ្ធភាព ព្រមទំាងការកសាងលើកកម្ពស់សមត្ថភាពនិងភាពអង់អាចដល់ស្រ្តីផងដែរ៕ ដោយ ៖ ឧត្ដម







