យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រានកងទ័ពរុស្ស៊ីនៅច្រាំងភាគខាងកើតទន្លេ Dnipro ភាគខាងត្បូងតំបន់ Kherson។ ច្រាំងខាងកើតទន្លេ Dnipro គឺជាសមរភូមិមុខមួយ ក្នុងចំណោមសមរភូមិចំនួនបី ដែលការប្រយុទ្ធគ្នាតាមដីគោកខ្លាំងក្លា ត្រូវបានគេជឿថានឹងបន្តរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី។ តំបន់ពីរផ្សេងទៀតគឺតំបន់ Kupiansk នៅភាគខាងកើតទីក្រុង Kharkiv និងតំបន់ Avdiivka នៅ Donetsk ។

ទន្ទឹមនឹងនេះ អភិបាលក្រុង Kherson បាននិយាយនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យោធារុស្ស៊ី បានដាក់គោលដៅទៅលើលំនៅឋានពលរដ្ឋនៅក្នុងតំបន់នេះ។ អភិបាលក្រុង បាននិយាយថា ពលរដ្ឋ៥នាក់ រួមទាំងកុមារអាយុ ៣ ឆ្នាំម្នាក់ បានរងរបួសនៅក្នុងការវាយប្រហារ។
នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធ ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី ទំនងជាកំពុងពិចារណានាំយកយន្តហោះឈ្លបយកការណ៍សម័យសូវៀត ចូលមកប្រើប្រាស់វិញ។ តាមសេចក្តីរាយការណ៍ យន្តហោះនេះអាចហោះឡើងដល់រយៈកម្ពស់ជាង ២០.០០០ម៉ែត្រ។

ក្រសួងនិយាយថា យន្តហោះនេះត្រូវបានគេប្រើប្រាស់កាលពីពេលថ្មីៗនេះ ជាវេទិកាក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រផែនដី។ ប៉ុន្តែវាត្រូវបានគេសង្កេតឃើញមានផ្ទុកនូវឧបករណ៍ឈ្លបយកការណ៍យោធា។
ក្រសួងនិយាយថា ខណៈយោធារុស្ស៊ី ពុំបានបង្កើតការស៊ើបការណ៍សម្ងាត់ ការតាមដាន លទ្ធភាពទទួលបានគោលដៅ និងសមត្ថភាពឈ្លបយកការណ៍ ប្រទេសនេះកំពុងព្យាយាមពង្រឹងសមត្ថភាពបែបនេះដោយប្រើប្រាស់យន្តហោះឈ្លបយកការណ៍។