រដ្ឋមន្ត្រីអារ៉ាប់ និងមូស្លីមនៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា ខណៈដែលគណៈប្រតិភូរបស់ពួកគេ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ជើងទីមួយ ដើម្បីជំរុញឲ្យមានការបញ្ចប់អរិភាព និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលទៅក្នុងដែនដីនេះ។

គណៈប្រតិភូដែលគ្រោងនឹងជួបជាមួយក្រុមមន្ត្រីតំណាងឲ្យសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏កំពុងដាក់សម្ពាធលើលោកខាងលិចផងដែរ ដើម្បីបដិសេធយុត្តិកម្មរបស់អ៊ីស្រាអែលចំពោះសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីន ជាការការពារខ្លួន។

មន្ត្រីដែលជួបប្រជុំជាមួយអ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ គឺមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី អេហ្ស៊ីប ឥណ្ឌូនេស៊ី ប៉ាឡេស្ទីន និងអង្គការសហប្រតិបត្តិការឥស្លាម។
កិច្ចប្រជុំកំពូលវិសាមញ្ញឥស្លាម-អារ៉ាប់រួម នៅទីក្រុងរីយ៉ាដក្នុងខែនេះ ក៏បានជំរុញឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិស៊ើបអង្កេត «ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៊ីស្រាអែល កំពុងប្រព្រឹត្ត» នៅក្នុងទឹកដីប៉ាឡេស្ទីន។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានព្យាយាមដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យបញ្ចប់អរិភាព នៅក្នុងតំបន់ហ្កាហ្សា ហើយព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាអ្នកគ្រប់គ្រងពិតប្រាកដ របស់ព្រះរាជាណាចក្រ បានប្រមូលផ្តុំមេដឹកនាំអារ៉ាប់ និងមូស្លីម ឲ្យបង្កើនការគាំទ្រសារនោះ។