ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា និងវេសបែង បន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបញ្ចប់។

លោកបៃដិន បាននិយាយនៅក្នុងអត្ថបទទស្សនៈមួយ នៅក្នុងសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ថា៖«នៅពេលដែលយើងខិតខំ ដើម្បីសន្តិភាព តំបន់ហ្កាហ្សា និងវេសបែង គួរតែត្រូវបានបង្រួបបង្រួមគ្នាឡើងវិញនៅក្រោមរចនាសម្ព័ន្ធអភិបាលកិច្ចតែមួយ ទីបំផុតនៅក្រោមអាជ្ញាធរប៉ាឡេស្ទីន ដែលបានស្តារឡើងវិញ ដូចដែលយើងទាំងអស់គ្នាធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»។ .

«លោកបានថ្លែងថា ត្រូវតែគ្មានការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា គ្មានការកាន់កាប់ឡើងវិញ គ្មានការឡោមព័ទ្ធ ឬរារាំង និងគ្មានការកាត់បន្ថយទឹកដីទេ»។
លោកបានប្រើទំព័រសារព័ត៌មាននេះ ដើម្បីព្យាយាមឆ្លើយសំណួរនៃអ្វីដែលសហរដ្ឋអាមេរិកចង់បាន សម្រាប់តំបន់ហ្កាហ្សា នៅពេលដែលជម្លោះ បានបញ្ចប់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) មិនយល់ស្របតាមផែនការរបស់លោកបៃដិនសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាទេ។