កណ្ដាល ៖ បើតាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ ខេត្តកណ្តាល គឺបានចាប់ផ្តើមបើកដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនចំពោះបណ្តាអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តកណ្តាល ដូចបណ្តាពលរដ្ឋទូទៅនៅក្នុងទឹកដីនៃខេត្តកណ្តាលផងដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងថា នៅក្នុងយុទ្ធនាការចាក់សាំងការពារកូវីដ-១៩ ជូនបណ្តាពលរដ្ឋទូទៅ នៅក្នុងខេត្ដកណ្តាល ដែលបានចាប់ផ្តើមដំណើរការនៅថ្ងៃម្សិលមិញនេះ គឺខេត្តកណ្តាលបានទទួលវ៉ាក់សាំង ពីរាជរដ្ឋាភិបាលចំនួនជិត៦០ម៉ឺនដូស ក្នុងនោះ មានមួយចំណែកខេត្តក៏ទទួលបានពីក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនខេត្តកណ្តាល ចាក់ជូនបណ្តាអ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាលដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ បន្តថា សម្រាប់វ៉ាក់សាំងការពារកូវីដ-១៩ ដែលត្រូវចាក់ជូនបណ្តាអ្នកជាប់ឃុំនៅក្នុងពេលពន្ធនាគារខេត្តនៅថ្ងៃទី១១ មិថុនានេះ គឺបាននឹងកំពុងចាក់ជូនដោយក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ១៦ ឧសភា របស់ក្រសួងមហាផ្ទៃ។
បើតាមការអោយដឹងពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានថ្លែងថា នៅក្នុងចំណោមវ៉ាក់សាំង ដែលទើបមកដល់កាលពីពេលថ្មីៗនេះ គឺមានវ៉ាក់សាំងប្រមាណ៦០០០ដូស ត្រូវបានក្រសួងសុខាភិបាលបែងជូនដល់ក្រសួងមហាផ្ទៃ ដើម្បីចាក់ជូនបណ្តាអ្នកជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ។
បើតាមប្រភពពីក្រុមពេទ្យនៃមន្ទីរពេទ្យ ១៦ ឧសភា របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនានេះ ក្រុមគ្រូពេទ្យ បានបែងចែងក្រុមគ្រូពេទ្យចំនួន២ក្រុម ៖ ១ក្រុមមានគ្រូពេទ្យប្រមាណជាង១០រូបបានបែងចែកទៅចាក់វ៉ាក់សាំងជូនបណ្តាអ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាល ហើយ១ក្រុមទៀតមានគ្រូពេទ្យប្រមាណជាង១០នាក់ទៀត ត្រូវទៅចាក់ជូនបណ្តាអ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ហើយនៅពេលដែលមានវ៉ាក់សាំងថ្មីមកដល់បន្ថែមទៀត ក្រុមពេទ្យនឹងបន្តទៅចាក់ជូនបណ្តាអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តកំពត ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងបន្តទៅខេត្តនានាទៀត។
ប្រភពដដែលក៏បាន បញ្ជាក់ថា មកដល់ថ្ងៃនេះ មានអ្នកជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គឺបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងដូសទី១ និងដូសទី២ ហើយរួចរាល់។
អត្ថបទ ៖ ស៊ុម សុខជា

