មន្ត្រីម្នាក់មកពីស្នងការជាន់ខ្ពស់របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ក្នុងតំបន់បាននិយាយថា ជនភៀសខ្លួនម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាង ៥០០នាក់ ដែលមានដើមកំណើតមកពីសហភាពមីយ៉ាន់ម៉ា បានចូលចតនៅច្រាំងសមុទ្រខេត្ត អាចចេ (Aceh) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដែលនោះជារលកទីបួន នៃការមកដល់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងសប្តាហ៍នេះ។

លោកស្រី ម៉ុណាវ៉ារ៉ាទុល ម៉ាកយ៉ា (Munawaratul Makhya) មន្ត្រីរបស់ទីភ្នាក់ងារ UNHCR បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនភៀសខ្លួនដែលបានមកដល់ផ្នែកផ្សេងៗនៃខេត្តនេះ រួមមានតំបន់ ប៊ីរ៉េអេន (Bireuen) តំបន់ ពីឌី (Pidie) និងតំបន់ អាចចេ ភាគខាងកើត (East Aceh) បានធ្វើឲ្យទីតាំងស្នាក់នៅនានាក្នុងស្រុកពោរពេញដោយមនុស្សយ៉ាងច្រើន។

លោកស្រី ម៉ាកយ៉ា បាននិយាយថា ទីតាំងដែលពួកគេកំពុងស្នាក់នៅក្នុងតំបន់ ពីឌី គឺពោរពេញដោយអ្នកមកដល់ថ្មីៗ ហើយទីភ្នាក់ងារ UNHCR កំពុងរង់ចាំរដ្ឋាភិបាលផ្តល់ជម្រកបណ្ដោះអាសន្នធំជាងនេះដើម្បីឲ្យពួកគេស្នាក់នៅ។
ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា រាប់រយនាក់បានទៅដល់ខេត្ត Aceh ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានធ្វើឱ្យចំនួនជនភៀសខ្លួនសរុបនៅទីនោះកើនឡើងដល់ជាងមួយពាន់នាក់ ដោយបន្តការធ្វើអន្តោប្រវេសន៍ដែលមានរយៈពេលជាច្រើនឆ្នាំ ដែលមើលឃើញជនជាតិរ៉ូហ៊ីងយ៉ា បានរត់គេចពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែស ភាគច្រើនកាន់សាសនាឥស្លាម ឬធ្វើដំណើរដោយទូកឈើដ៏ចាស់ទៅកាន់ប្រទេសម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាប្រទេសថៃផងដែរ៕