
ប្រព័ន្ធផ្សព្វផ្សាយធំរបស់អ៊ីស្រាអែល ឈ្មោះ Haaretz រាយការណ៍ថា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់ប្រទេសនេះ មានការខ្វែងគំនិតគ្នាជុំវិញការចរចាជាមួយក្រុមហាម៉ាសលើការដោះលែងចំណាប់ថ្នូរដែលបានចាប់ខ្លួនដោយក្រុមនេះ។
ប្រព័ន្ធផ្សព្វផ្សាយនេះបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ក៏ដូចជាក្រុមមន្ត្រីយោធាជាន់ខ្ពស់ និងចារកម្ម អះអាងថា អ៊ីស្រាអែលមិនគួរបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួនទេ ប៉ុន្តែគួរតែបង្កើនសម្ពាធលើក្រុមហាម៉ាស។
ទន្ទឹមនឹងនោះ សារព័ត៌មាននោះនិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំគណបក្សប្រឆាំង លោក Benny Gantz ព្រមទាំងអ្នកផ្សេងទៀតទទូចថា អ៊ីស្រាអែលគួរតែចាត់វិធានការភ្លាមៗ ដើម្បីជួយសង្គ្រោះអ្នកណាក៏ដោយដែលអាចធ្វើបាន។
របាយការណ៍និយាយថា លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនទាន់បានកំណត់ជំហរចុងក្រោយរបស់លោកនៅឡើយទេលើបញ្ហានេះ។
សារព័ត៌មាន Washington Post បានរាយការណ៍ថា អ៊ីស្រាអែល និងក្រុមហាម៉ាស ជិតឈានដល់កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអាមេរិក ក្នុងការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការផ្អាករយៈពេលប្រាំថ្ងៃក្នុងការប្រយុទ្ធគ្នា ប៉ុន្តែការខ្វែងគំនិតគ្នានៅក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល អាចប៉ះពាល់ដល់ជោគវាសនានៃកិច្ចពិភាក្សារបស់ពួកគេ៕