
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយសមភាគីរបស់លោកមកពីបណ្ដាប្រទេសអារ៉ាប់ និងអ៊ីស្លាម នៅថ្ងៃច័ន្ទ (២០ វិច្ឆិកា) នេះនៅទីក្រុងប៉េកាំង ប្រទេសចិន។
បណ្ដាមេដឹកនាំទាំងនោះរួមមាន រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ឧបនាយករដ្ឋមន្ត្រីហ៊្សកដានី និងជារដ្ឋមន្ត្រីការបរទេស លោក Ayman Safadi រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad Al-Maliki និងអគ្គលេខាធិការអង្គការសហប្រតិបត្តិការអ៊ីស្លាម លោក Hissein Brahim Taha ។
ពួកគេកំពុងធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិនរយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាអំពីវិធីត្រួសត្រាយផ្លូវសម្រាប់ការបន្ធូរបន្ថយជម្លោះអ៊ីស្រាអែល-ហ្កាហ្សា បច្ចុប្បន្ន ការពារជនស៊ីវិល និងដោះស្រាយបញ្ហាប៉ាឡេស្ទីន ប្រកបដោយយុត្តិធម៌៕