បាល់ទាត់៖ សារព័ត៌មានកីឡានៅចក្រភពអង់គ្លេសមួយបានចុះផ្សាយថា Manchester United បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho ពី Borussia Dortmund តែនៅពេលនេះមានព័ត៌មានពីអាល្លឺម៉ង់ថា Dortmund បានច្រានចោលសំណើ ៦៧លានផោនរបស់ Manchester United ហើយ។
ក្លិបអាល្លឺម៉ង់មួយនេះបានទាមទារ ៧៧លានផោនសំរាប់ការផ្ទេរកីឡាករវ័យ ២១ឆ្នាំរូបនេះ បូកនឹងប្រាក់បន្ថែមផ្សេងៗជាង ៤លានផោនផ្សេងទៀត។ Manchester United នៅពេលនេះកំពុងពិចារណាក្នុងការបន្តការតថ្លៃជាមួយ Dortmund។ ក្លិបនៅ Old Trafford មួយនេះទំនងជាមិនចង់ជាន់ដានចាស់កាលពី ១២ខែមុនឡើយ ដែលពួកគេបរាជ័យក្នុងការនាំយក Sancho ត្រលប់មកអង់គ្លេសវិញ ហើយក្លិបអាល្លឺម៉ង់ Dortmund ក៏ត្រូវបានគេជឿថានឹងថយមួយជំហានដែរ ក្នុងការបញ្ចេញ Jadon Sancho ក្នុងតំលៃសមរម្យណាមួយ។
Jadon Sancho គឺកីឡាករម្នាក់គត់ដែលបានទទួលសំណើទិញពីក្លិបផ្សេង ស្របពេលដែលខ្សែប្រយុទ្ធណ័រវេយ Erling Haaland ដែលមានពាក្យចចាមអារ៉ាមចង់បានពីក្លិបធំៗនៅអឺរ៉ុបនោះ Dortmund មិនទាន់បានទទួលសំណើណាមួយនៅឡើយ។ កីឡាករវ័យក្មេងអង់គ្លេសមួយរូបទៀត Jude Bellingham ក៏ស្ថិតក្នុងគោលដៅអាចផ្ទេរចេញពីទឹកដីអាល្លឺម៉ង់ផងដែរ៕
អត្ថបទ៖នាង សុភាវុធ