
ក្រុមហ៊ុនផ្សព្វផ្សាយហ្វាំងឡង់ បានរាយការណ៍កាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា កងកម្លាំងការពារជាតិ ហ្វាំងឡង់ នឹងជួយដល់ឆ្មាំល្បាតព្រំដែនរបស់ប្រទេសនេះ ក្នុងការសង់របងនៅជិតទីក្រុង Kuhmo ដែលជាទីក្រុងនៅជិតព្រំដែនប្រទេសហ្វាំងឡង់ជាមួយប្រទេសរុស្ស៊ី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វាំងឡង់ កងកម្លាំងការពារជាតិហ្វាំងឡង់ ត្រូវបានបញ្ជូនទៅជួយក្នុងការសាងសង់របាំងបណ្តោះអាសន្ន នៅស្ថានីយ៍ច្រកឆ្លងកាត់Vartius។
សម្ភារៈសំណង់ និងសម្ភារៈ ដែលត្រូវការចំបាច់ ត្រូវបានគេរាយការណ៍មកថា បានទៅដល់ការដ្ឋានរួច ហើយ។
នៅពេលត្រូវបានសួរដោយប្រព័ន្ធផ្សព្វផ្សាយថាហេតុអ្វីបានជាពួកគេសាងសង់របងនេះ ឆ្មាំល្បាតព្រំដែនហ្វាំងឡង់ បានលើកឡើងពីការធានា «សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅក្នុងស្ថានភាពរំខានដែលកំពុងកើតមាន និងដើម្បីធានាថា ចរាចរណ៍ឆ្លងកាត់ព្រំដែនស្របច្បាប់ដំណើរការដោយសុវត្ថិភាព»។
យោធាហ្វាំងឡង់ ត្រូវបានគេរាយការណ៍ថា មិនផ្តល់ជំនួយយោធាដល់ឆ្មាំល្បាតព្រំដែនទេ ដោយសារ«ស្ថានភាព គឺស្ថិតនៅក្រោមការគ្រប់គ្រង»។
ប្រទេសហ្វាំងឡង់ បានបិទច្រកព្រំដែនជាច្រើនក្នុងគោលបំណងបញ្ឈប់លំហូរជនអន្តោប្រវេសន៍ដែលមានប្រភពផ្សេងៗគ្នាពីប្រទេសរុស្ស៊ី។