
អ្នកគាំទ្ររបស់តារាចម្រៀង Taylor Swift បានធ្វើដំណើរទៅកាន់កម្មវិធីសម្ដែងដែលរង់ចាំយ៉ាងអន្ទះសារនៅទីក្រុង Rio de Janeiro (Rio) កាលពីថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) ដែលជាការប្រគុំតន្ត្រីលើកដំបូង ចាប់តាំងពីអ្នកគាំទ្រម្នាក់ បានស្លាប់ក្នុងស្ថានភាពក្ដៅហែង រហូតដល់នាំឲ្យមានការពន្យារពេលការសម្តែង កាលពីថ្ងៃសៅរ៍ នៅនាទីចុងក្រោយ។
សីតុណ្ហភាព បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការឡើងក្ដៅខ្លាំងបំផុតរយៈពេល ២ថ្ងៃ នៅទីក្រុងធំទី២របស់ប្រទេសប្រេស៊ីល។ អ្នកគាំទ្រនៅខាងក្រៅកីឡដ្ឋាន Nilton Santos មានការព្រួយបារម្ភ បន្ទាប់ពីមានការពន្យារពេលកាលពីយប់មុន ប៉ុន្តែរំពឹងថា កម្មវិធីនេះ នឹងដំណើរការទៅមុខ។
សូមបញ្ជាក់ថា នៅយប់ដំបូងនៃកម្មវិធី «The Eras Tour» របស់តារាចម្រៀងស្រី Taylor Swift នៅទីក្រុង Rio កាលពីថ្ងៃសុក្រ អ្នកគាំទ្រម្នាក់ ឈ្មោះ Ana Clara Benevides វ័យ ២៣ឆ្នាំ បានធ្លាក់ខ្លួនឈឺ ហើយក្រោយមក បានស្លាប់ នៅមន្ទីរពេទ្យ។
សោកនាដកម្មនេះ បាននាំឲ្យរដ្ឋាភិបាលសហព័ន្ធ បញ្ជាឲ្យអ្នករៀបចំព្រឹត្តិការណ៍ T4F ធានាឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ នៅកន្លែងប្រគុំតន្ត្រីរបស់តារាចម្រៀង Taylor Swift ទាំងអស់ នៅក្នុងប្រទេសប្រេស៊ីល និងចេញសេចក្តីណែនាំដែលអនុញ្ញាតឲ្យយកដបទឹកចូលទៅក្នុងការប្រគុំតន្ត្រី។
រលកកម្តៅក្ដៅហួតហែង ដែលមានចំណែកពីបាតុភូត El Niño និងការកើនឡើងនៃសីតុណ្ហភាពសកល បានគ្របដណ្ដប់លើរដ្ឋជាច្រើនរបស់ប្រេស៊ីល ជាមួយនឹងសីតុណ្ហភាពលើសពីមធ្យមភាគជាប្រវត្តិសាស្ត្រ ចាប់តាំងពីខែកក្កដាមក។ នេះបើយោងតាមវិទ្យាស្ថានជាតិឧតុនិយម៕