
ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ២ខែ នៅថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) នេះ ដោយបន្តបន្ថែមទិសដៅធ្លាក់ចុះពីសប្តាហ៍មុន ខណៈដែលបណ្ដាពាណិជ្ជករនានា បានបញ្ជាក់ឡើងវិញនូវជំនឿចិត្តរបស់ពួកគេថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុតហើយ ហើយបានបង្វែរចំណាប់អារម្មណ៍របស់ពួកគេថា តើពេលណាដែលធនាគារកណ្តាល (Fed) អាចចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នោះ។
ចំណែកប្រាក់យ័នរបស់ប្រទេសចិន បានឡើងថ្លៃខ្ពស់ក្នុងរយៈពេល ៣ខែ ទាំងនៅទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលជំរុញដោយធនាគារកណ្តាលរបស់ប្រទេសចិន ខណៈដែលប្រាក់ដុល្លារអូស្រ្តាលី បានឡើងថ្លៃដូចគ្នារយៈពេល ៣ខែ ធៀបនឹងការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក។
សន្ទស្សន៍ប្រាក់ដុល្លារក្នុងការជួញដូរនៅអាស៊ី បានធ្លាក់ចុះនៅតម្លៃ ១០៣,៦៤ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ដោយបានបន្តបន្លាយការធ្លាក់ចុះជិត ២ភាគរយរបស់ខ្លួនពីសប្តាហ៍មុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងប្រចាំសប្តាហ៍ គិតចាប់តាំងពីខែកក្កដាមក។
ទីផ្សារបានប៉ាន់ប្រមាណពីហានិភ័យនៃការដំឡើងអត្រាការប្រាក់បន្ថែមទៀតពី Fed បន្ទាប់ពីសូចនាករសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកខ្សោយជាងការរំពឹងទុក កាលពីសប្តាហ៍មុន ជាពិសេសបន្ទាប់ពីមានការវាយតម្លៃនៃអតិផរណា ទាបជាងការប៉ាន់ស្មាន៕