
អ៊ីស្រាអែលបានចេញផ្សាយវីដេអូ កាលពីថ្ងៃអាទិត្យ (19 ខែវិច្ឆិកា) នៃអ្វីដែលខ្លួនបានពិពណ៌នាថា ជាផ្លូវរូងក្រោមដីដែលជីកដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្រោមមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សាស្ទ្រីប ដែលជាការផ្តោតសំខាន់នៃបេសកកម្មស្វែងរក និងកម្ទេចក្រុមហាម៉ាស ក្នុងសង្គ្រាម ដែលឥឡូវនេះចូលដល់សប្តាហ៍ទី៧។
ទីភ្នាក់ងារព័ត៌មាន Reuters អាចផ្ទៀងផ្ទាត់ពីទីតាំងនៃវីដេអូនេះ ដោយប្រៀបធៀបរូបរាង ពណ៌ និងធាតុផ្សំនៃការរចនានៃអគារ ក៏ដូចជាគម្រោងប្លង់ផ្លូវ ទៅនឹងឯកសារដែលត្រូវគ្នា និងរូបភាពផ្កាយរណបនៃតំបន់នោះ តែមិនអាចបញ្ជាក់ដោយឯករាជ្យអំពីកាលបរិច្ឆេទ ដែលវីដេអូត្រូវបានថតនោះឡើយ។
បើទោះជាទទួលស្គាល់ថា ខ្លួនមានបណ្តាញផ្លូវរូងក្រោមដីសម្ងាត់រាប់រយគីឡូម៉ែត្រ លេណដ្ឋាន និងច្រកចូលនៅទូទាំងតំបន់ប៉ាឡេស្ទីនក៏ដោយ ក៏ក្រុមហាម៉ាសបានបដិសេធថា ទាំងអស់នោះ មិនមានទីតាំងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាមន្ទីរពេទ្យនោះទេ។
ក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីប្រតិបត្តិការ នៅក្នុងមន្ទីរពេទ្យ Al Shifa នៃទីក្រុងហ្កាហ្សា យោធាអ៊ីស្រាអែល បានចេញសេចក្ដីប្រកាសថា វិស្វកររបស់ខ្លួន បានរកឃើញផ្លូវរូងក្រោមដី ដែលមានជម្រៅ ១០ម៉ែត្រ និងចម្ងាយ ៥៥ម៉ែត្រឆ្ពោះទៅកាន់ទ្វារការពារផ្ទុះ។
តែយ់ាងណាក្ដី សេចក្តីថ្លែងការណ៍នោះមិនបានឲ្យដឹងពីអ្វីលើសពីទ្វារនោះឡើយ។ ផ្លូវរូងក្រោមដី ត្រូវចូលតាមច្រកមួយ ដែលត្រូវបានរកឃើញនៅក្នុងរោងតូចមួយនៅក្នុងបរិវេណនៃមន្ទីរពេទ្យ Shifa ដែលមានផ្ទុកគ្រឿងផ្ទុះ៕