ភ្នំពេញ ៖ អង្គការធំៗចំនួន២ របស់អង្គការសហប្រជាជាតិ រួមមាន ៖ អង្គការសុខភាពពិភពលោក WHO និងអង្គការ UNICEF ដែលធ្វើការងារដើម្បីកុមារប្រចាំនៅកម្ពុជា បានជំរុញអោយគ្រប់អាណាព្យាបាលកុមារទាំងអស់ ត្រូវពង្រឹងការពារឆ្លងមេរោគកូវីដ-១៩ លើកុមារ ខណៈ ដែលកម្ពុជា មិនទាន់មានវ៉ាក់សាំងចាក់ការពារកូវីដ-១៩លើកុមារ។
នៅក្នុងដំណើរទស្សនកិច្ចយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទ្រង់ទ្រាយធំនៅទូទាំងខេត្តកណ្តាល នាថ្ងៃទី១០មិថុនា ម្សិលមិញនេះ លោកស្រី វេជ្ជបណ្ឌិត Foroogh Foyouzat តំណាងអង្គការUNICEF ប្រចាំនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្នមានកុមារនៅកម្ពុជាមួយចំនួន ក៏មានការឆ្លងមេរោគកូវីដ-១៩ដែរ ជាពិសេសកុមារតូចៗភាគច្រើន គឺងាយប្រឈមនឹងក្នុងការឆ្លងខ្លាំង ហើយកុមារដែលអាចពាក់ម៉ាស់បាន គឺត្រូវតែជំរុញឲ្យគេពាក់ម៉ាស់ ជាពិសេសពេលធ្វើដំណើរ និងនៅតំបន់ដែលមានហានិភ័យខ្លាំង។
ការថ្លែងរបស់លោកស្រី បានធ្វើឡើង បន្ទាប់ពីគេមើលឃើញថា បច្ចុប្បន្ន មានអាណាព្យាបាលកុមារមួយចំនួន នៅពេលយកកុមារ ឬកូនតូចៗរបស់ខ្លួនចេញដើរកម្សាន្ត ឬធ្វើដំណើរទៅតាមទីសាធារណៈផ្សេងៗ គឺភាគច្រើនអាណាព្យាបាលមានការពាក់ម៉ាស់ការពារត្រឹមត្រូវ ប៉ុន្តែកុមារ ឬកូនតូចៗ របស់ខ្លួននោះ មិនមានពាក់ម៉ាស់ការពារកូវីដ-១៩ ជូននោះទេ ហើយបើពាក់គឺភាគច្រើនមិនបានត្រឹមត្រូវនោះទេ ដែលបញ្ហានោះ បង្កការងាយឆ្លងកូវីដ-១៩ខ្លាំងផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាកុមារនេះដែរ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្នមានបណ្តាប្រទេសរីកចម្រើនមួយចំនួន គឺគេមានវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់ចាក់ជូនកុមារតូច រហូតដល់កុមារធំវ័យក្រោម១៧ឆ្នាំ ប៉ុន្តែកម្ពុជា នៅមិនទាន់មានវ៉ាក់សាំងសម្រាប់កុមារនោះទេ ខណៈដែលបច្ចុប្បន្ន WHO មិនទាន់មានផែនការផ្តល់ជំនួយវ៉ាក់សាំងសម្រាប់កុមារនោះទេ។
ទោះយ៉ាងក៏ដោយតំណាងអង្គការធំៗទាំងពីររបស់អង្គការសហប្រជាជាតិនេះ គឺបានអបអរសាទរចំពោះពលរដ្ឋខ្មែរ ដែលមានសំណាងជាងបណ្តាប្រទេសនានា ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយមិនមានការគិតថ្លៃ ហើយនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពលរដ្ឋខ្មែរគ្រប់រូបគឺមានចិត្តចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងអស់គ្នា ខណៈកាលពីដំបូងពលរដ្ឋខ្មែរមានចិត្តមិនចង់ចាក់ ដោយសារ គេជឿតាមពាក្យញុះញង់ ថាចាក់វ៉ាក់សាំងប៉ះពាល់នេះ ប៉ះពាល់នោះទៅតាមការលើកឡើងពាក្យមិនមានមូលហេតុ៕
អត្ថបទ ស៊ុម សុខជា
