កណ្ដាល ៖ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ពលរដ្ឋ៩ស្រុក ក្នុងខេត្តកណ្ដាល ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ នឹងទទួលបានអាទិភាពចាក់វ៉ាក់សាំង សម្រាប់ជំហានបន្ទាប់ពីរាជធានីភ្នំពេញ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រផ្ការីករបស់ប្រមុខរាជរដ្ឋាភិបាល គោលដៅជាបន្តបន្ទាប់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺនឹងបន្តផ្តល់ជូនពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួន នៃខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
ការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន គឺនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ ខណៈពេលលោកជំទាវបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង នៃក្រសួងការពារជាតិ តាមរយៈនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ បានធ្វើការតាំងចិត្តខ្ពស់ក្នុងនាមកងកម្លាំង នឹងគោរពអនុវត្តបទបញ្ជាពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងការសហការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជាបន្តបន្ទាប់ទៀត ។
របាយការណ៍របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ទាំងក្របខណ្ឌក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានចំនួនជាង២លាន៨សែននាក់ ស្មើហ្នឹងប្រមាណជាង២៧ភាគរយ បើធៀបនឹងគោលដៅ១០លាននាក់៕
អត្ថបទ៖ ជៀប សម្បត្តិ