ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រឈមហានិភ័យ ឬមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម ត្រូវមកធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែម នៅមណ្ឌលសុខភាព ឫមន្ទីរពេទ្យដែលនៅជិតបំផុត។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ “ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម” ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO) នាព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បន្តថា គោលបំណងចម្បងនៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំនេះគឺ៖
១. លើកកម្ពស់ការយល់ដឹងអំពីហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ការបង្ការ និងការព្យាបាលទាន់ពេលវេលា
២. លើកទឹកចិត្តបុគ្គលដែលមានហានិភ័យក្នុងការស្វែងរកការធ្វើតេស្តរកជំងឺទឹកនោមផ្អែម
៣. ជំរុញការផ្លាស់ប្តូរ ឥរិយាបទតាមរយៈការផ្លាស់ប្តូរទម្លាប់ និងសកម្មភាពផ្ទាល់ខ្លួន ឆ្ពោះទៅរករបៀបរស់នៅដែលមានសុខភាពល្អ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែម នៅកម្ពុជា គឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។ នៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព២% ក្នុងចំណោមករណីស្លាប់ទាំងអស់ ហើយមានអត្រាប្រេវ៉ាឡង់៩.៦% (ផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ២០១៦)។
អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា នៅទូទាំងពិភពលោកជំងឺទឹកនោមផ្អែមគឺជាមូលហេតុផ្ទាល់នៃការស្លាប់ដែលមានចំនួន១.៥លាននាក់ ចំពោះអ្នកដែលមានអាយុក្រោម៧0ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨% នាឆ្នាំ២០១៩។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទំលាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាព និងទំលាប់មិនបានបញ្ចេញពលកម្ម ឫធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ។ ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជាជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ។ ការព្យាបាលជំងឺទឹកនោមផ្អែម គឺត្រូវព្យាបាលអស់មួយជីវិត ក៏ប៉ុន្តែជំងឺទឹកនោមផ្អែមអាចបង្ការបានតាមរយៈការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅប្រកបដោយសុខភាពដូចជា ការបរិភោគអាហារដែលមានសុខភាពល្អ (កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ) ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រឹតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងឈប់ពិសារបារី។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវជម្រុញលើកទឹកចិត្តអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ក្នុងការរស់នៅទាំងមុនពេល និងអំឡុងពេលមានជំងឺទឹកនោមផ្អែម ដល់ប្រជាពលរដ្ឋទូទៅ សម្រាប់ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងថែទាំសុខភាព ឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ ៖ រដ្ឋា














