NATO ៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) នេះ បាននិយាយថា សម្ព័ន្ធភាពមានការព្រួយបារម្ភពីវោហារសាស្ត្រអបគមន៍ នៅក្នុងប្រទេសបូស្នី ក៏ដូចជាឥទ្ធិពលរបស់រុស្ស៊ី នៅប្រទេសនេះ បន្ទាប់ពីបណ្ដាមេដឹកនាំនៃប្រទេសស៊ែប៊ី និយាយជាច្រើនខែមកថា ពួកគេចង់បំបែកខ្លួន។
ប្រទេសបូស្នីបានលេចរូបរាងឡើងពីសង្រ្គាមឆ្នាំ១៩៩២-១៩៩៥ ដោយមានរចនាសម្ព័ន្ធសហព័ន្ធបង្រួបបង្រួមសាធារណរដ្ឋ ដែលគ្រប់គ្រងដោយស៊ែប៊ី ជាមួយនឹងសហព័ន្ធនៃជនជាតិក្រូអាត និងបូស្នីម៉ូស្លីម។ មេដឹកនាំនៃអង្គភាពស៊ែប៊ី លោក Milorad Dodik ក្នុងប៉ុន្មានខែថ្មីៗនេះ បាននិយាយកាន់តែខ្លាំងឡើងៗថា លោកមានបំណងចង់បំបែកខ្លួន និងចូលរួមជាមួយប្រទេសស៊ែប៊ី ដែលនៅជិតខាង។
នៅឯទីក្រុងសារ៉ាយ៉េវ៉ូ ដែលជាកន្លែងឈប់សំចតដំបូងរបស់លោកក្នុងដំណើរទស្សនកិច្ចនៅតំបន់បាល់កង់ខាងលិច លោក Stoltenberg បានប្រាប់សារព័ត៌មានថា៖ «យើងបារម្ភចំពោះពួកអបគមន៍ និងវោហារសាស្ត្រ ដែលនាំទៅរកការបែកបាក់ ក៏ដូចជាការជ្រៀតជ្រែកពីបរទេស ក្នុងនោះរួមទាំងរុស្ស៊ីផងដែរ»។
លោកបានបន្តថា ទាំងនេះធ្វើឲ្យខូចដល់ស្ថិរភាព និងរារាំងកំណែទម្រង់ ដោយបន្ថែមថា មេដឹកនាំនយោបាយទាំងអស់ ត្រូវតែរួមគ្នាធ្វើការ ដើម្បីការពារឯកភាព កសាងស្ថាប័នជាតិ និងសម្រេចបាននូវការផ្សះផ្សាជាតិ។
ជិត ៣ទសវត្សរ៍មកហើយបន្ទាប់ពីមានសង្រ្គាម ដែលបានផ្ដាច់ជីវិតមនុស្ស ១០០.០០០នាក់ ពោលគឺជាសង្រ្គាមដ៏គួរឲ្យខ្លាចបំផុត ដែលបានកើតមានបន្ទាប់ពីការបែកបាក់របស់យូហ្គោស្លាវី ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បូស្នីនៅតែបែកបាក់គ្នា សេដ្ឋកិច្ចនៅតែទ្រឹង ហើយប្រជាជននៅតែចាកចេញពីប្រទេសក្នុងចំនួនដ៏ច្រើន។ អង្គការណាតូបានដាក់ពង្រាយកងទ័ពប្រហែល ៦០.០០០នាក់ ក្នុងប្រទេសនេះ បន្ទាប់ពីសង្គ្រាម ដែលត្រូវបានជំនួសដោយកងកម្លាំងរក្សាសន្តិភាពរបស់សហភាពអឺរ៉ុប ឬ EUFOR ក្នុងឆ្នាំ២០០៤៕

