មីយ៉ាន់ម៉ា ៖ កងកម្លាំងប្រឆាំងរបបយោធា នៅក្នុងរដ្ឋ Kayah របស់សហភាពមីយ៉ាន់ម៉ា បានផ្អាកការវាយប្រហាររបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យបុគ្គលិកផ្ដល់ជំនួយចំនួន ២២៨នាក់ ក្នុងនោះរួមទាំងបុគ្គលិករបស់អង្គការសហប្រជាជាតិ (UN) ផងដែរ ចាកចេញពីរដ្ឋធានី Loikaw របស់រដ្ឋនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នា នៅទីនោះ។
គូអរិរបស់របបយោធា នៅថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) បាននិយាយថា ជនបរទេសរាប់រយនាក់ ដែលធ្វើការ នៅសហភាពមីយ៉ាន់ម៉ា ត្រូវបានផ្លាស់ទៅកាន់កន្លែងសុវត្ថិភាព ក្នុងពេលដែលការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា កំពុងមានសន្ទុះខ្លាំងក្លាជាងមុន។
តាមរយៈការបង្ហោះសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គម X (ពីមុន Twitter) រដ្ឋាភិបាលរួបរួមជាតិ បានឲ្យដឹងថា «បើទោះបីជាបុគ្គលិករបស់ UN និងអង្គការក្រៅរដ្ឋាភិបាល និងសមាជិកគ្រួសារជាច្រើន អាចចាកចេញដោយសុវត្ថិភាពក៏ដោយ ក៏មនុស្សជាច្រើននៅតែជាប់ក្នុងទីក្រុង Loikaw ដដែល»។ រដ្ឋាភិបាលនេះ បាននិយាយថា បុគ្គលិកជំនួយត្រូវបាននាំទៅទីក្រុង Taunggyi ក្នុងរដ្ឋ Shan ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យរបបយោធា និងទីភ្នាក់ងាររបស់ UN មីយ៉ាន់ម៉ា សុទ្ធតែមិនអាចទាក់ទងបានភ្លាមៗដូចគ្នា សម្រាប់ការសុំការអត្ថាធិប្បាយ។
សម្ព័ន្ធភាពនៃក្រុមបះបោរជនជាតិភាគតិច ដែលចងសម្ព័ន្ធជាមួយរដ្ឋាភិបាលស៊ីវិលគាំទ្រលទ្ធិប្រជាធិបតេយ្យដូចគ្នា បានចាប់ផ្តើមការវាយប្រហារមួយ កាលពីចុងខែមុន ដែលជាការប្រឈមដ៏ធំបំផុត សម្រាប់យោធា ដែលកំពុងកាន់អំណាច ចាប់តាំងពីរបបនេះបានគ្រប់គ្រងប្រទេស ដោយការទម្លាក់មេដឹកនាំជាប់ឆ្នោត នៅក្នុងរដ្ឋប្រហារឆ្នាំ២០២១៕

