បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិស៊ុយអែត បានហ្វឹកហាត់ជុំគ្នាត្រៀមជួបជាមួយក្រុមអេស្ប៉ាញនៅទីក្រុង Seville ក្នុងពូល E នៅ Euro ២០២០ ខណៈក្រុមទាំងពីរសុទ្ធតែមានកីឡាករឆ្លង Covid-19 ពីរនាក់ដូចគ្នា។

ក្រុមស៊ុយអែតបានប្រកាសកាលពីថ្ងៃអង្គារថា កីឡាករពីរនាក់របស់ខ្លួនត្រូវបានធ្វើតេស្តឃើញវិជ្ជមាន Covid-19 រួមមានកីឡាកររបស់ Juventus, Dejan Kulusevski និងកីឡាកររបស់ Bologna, Mattias Svanberg។ ចំណែកអេស្ប៉ាញក៏មានកីឡាករពីរនាក់ឆ្លង Covid-19 ដែរដំបូងគឺប្រធានក្រុម Sergio Busquet និង Diego Llorente។ សំរាប់ Llorente បានធ្វើតេស្តម្សិលមិញឃើញត្រលប់មកអវិជ្ជមានវិញហើយ តែរង់ចាំការធ្វើតេស្តម្តងទៀតនៅថ្ងៃសុក្រនេះ ប្រសិនជាបន្តអវិជ្ជមានកីឡាកររបស់ Leeds United រូបនេះនឹងត្រលប់មកចូលរួមជាមួយក្រុមជំរើសជាតិវិញបាន។
កីឡាករដែលបានធ្វើតេស្តឃើញមាន Covid-19 នឹងត្រូវនៅដាច់ដោយឡែកយ៉ាងហោចណាស់ ១០ថ្ងៃមានន័យថា កីឡាករទាំងពីរ Sergio Busquet និង Diego Llorente ក៏ដូចជាកីឡាករទាំងពីរនាក់របស់ស៊ុយអែត Dejan Kulusevski និង Mattias Svanberg នឹងអវត្តមានការប្រកួតដំបូងក្នុងពូល E ដែលអេស្ប៉ាញជួបជាមួយស៊ុយអែត៕
អត្ថបទ៖នាង សុភាវុធ