ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
រោងចក្រសហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរសំលៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប១ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៩០ថ្ងៃក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១០ ដង ដោយមានកម្មករ-កម្មការិនីជាង២០ម៉ឺននាក់។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការចរចាប្រាក់ខែអប្បបរមា(ទាបបំផុត) សម្រាប់កម្មករ និយោជិត ត្រូវតែដំឡើងជារៀងរាល់ឆ្នាំ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការងារនៅក្រៅប្រទេស។
-សម្តេចធិបតី បានថ្លែងថា កម្ពុជាបានតស៊ូតាំងពីបាតដៃទទេ ទើបបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍបានប៉ុណ្ណេះ តែទោះជាយ៉ាងណា មហិច្ឆតារបស់យើងមិនទាន់បញ្ចប់ត្រឹមនេះទេ នឹងខិតខំធ្វើដោយឥតឈប់ឈរបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តរក្សាថែនូវសមិទ្ធផលវិជ្ជមានទាំងអស់ ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានធ្វើ បានកសាងដោយលំបាក, បន្តថែរក្សា សុខសន្តិភាពដែលរកបានដោយកម្រ កុំឱ្យបាត់បង់ទៅវិញ, បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ពលរដ្ឋនឹងឃើញ ពីលទ្ធផលជាក់ស្ដែង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ។
-សម្ដេចធិបតី ផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យស្របនឹងតម្រូវការនៅតាមមូលដ្ឋាន ឧទាហ រណ៍បើសហគមន៍មានប្រើឡានច្រើន គួរផ្ដល់ជំនាញពាក់ព័ន្ធនឹងការជួសជុលរថយន្ត។
-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកដែលរិះគន់រាជរដ្ឋាភិបាលថា ក្នុងរយៈពេល ៩០ ថ្ងៃ រដ្ឋាភិបាលមិនបានធ្វើសមិទ្ធផលអ្វីសោះនោះ គឺជាបុគ្គលកំពុងដេកលក់។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយពង្រឹងលើការអនុវត្ត ឱ្យបានច្រើនជាងការ រៀនទ្រឹស្ដីនៅក្នុងថ្នាក់។
-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅសល់ ៥ ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំពិធីប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំកម្លាំងទឹកបានបុកលើកោះនរា និងធ្វើឱ្យបាត់រូបរាងកោះទាំងស្រុងនៅឆ្នាំ២០០៥។ ប៉ុន្មានឆ្នាំក្រោយមក កោះនរាបានលេចរូបរាងឡើងវិញ និងបានក្លាយជាទីក្រុងអភិវឌ្ឍន៍មួយ ប្រកបដោយភាពទាក់ទាញនៅភ្នំពេញ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិឱ្យបានល្អ នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។
-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៣ខែក្រោយសម្តេច កាន់តំណែង ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ មានមនុស្សមួយក្តាប់តូចអង្គុយ និងដេកចាំរិះគន់សម្តេចគ្រប់ពេលវេលា ដោយពួកទាំងនោះ បានលើកឡើងថា ក្នុងរយៈ៩០ថ្ងៃនេះ គឺពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព សូមបងប្អូនពលរដ្ឋទាំងអស់ ចាប់យកឱកាសការងារ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរថែមទៀត។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិតឱ្យបានលឿន មិនត្រូវទុកបញ្ហាចោលនោះទេ និងទុកបញ្ហាឱ្យទៅដល់តុលាការនោះទេ។ បើយន្តការអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបានត្រូវបើប្រាស់យន្តការក្រសួង ស្ថាប័នបន្ថែមទៀត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកទៅបោះឆ្នោតជាងប្រាំ បីលាននាក់ ដែលមានចំនួនសរុបជាង ៨៥ ភាគរយ ក្នុងនោះមានជាង ៩០ ភាគរយនៃអ្នកបោះឆ្នោត បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឱ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកទៅបោះឆ្នោតជាងប្រាំ បីលាននាក់ ដែលមានចំនួនសរុបជាង ៨៥ ភាគរយ ក្នុងនោះមានជាង ៩០ ភាគរយនៃអ្នកបោះឆ្នោត បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឱ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សុខសន្តិភាពក្នុងសហគមន៍ ក្នុងប្រទេស កើតមានដោ យសារមានការយល់យោគគ្នា គោរពច្បាប់ទាំងអស់គ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមកជា ដើម។












