សមាជិកក្រុមជនអន្ធពាលជាង ២០០ នាក់ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារសរុបចំនួន ២.១០០ ឆ្នាំបន្ទាប់ពីការកាត់ទោសក្រុមម៉ាហ្វ្យា (mafia) ដ៏ធំបំផុតមួយរបស់ប្រទេសអ៊ីតាលី។
មនុស្សសរុបចំនួន៣៨៨ នាក់ត្រូវបានចោទប្រកាន់ថាជាផ្នែកមួយនៃក្រុមជនអន្ធពាល ដ្រាងហេតា( 'Ndrangheta)របស់ប្រទេសអ៊ីតាលី ខណៈការកាត់ក្តីនៅតែបន្តចាប់តាំងពីខែមករា ឆ្នាំ២០២១មក ។

ជនជាប់ចោទចំនួន៦៧ នាក់ត្រូវបានគេរកឃើញថាមានទោសរួចហើយបន្ទាប់ពីជ្រើសរើសការកាត់ក្តីដ៏លឿន ហើយមនុស្ស ១៣១ នាក់ត្រូវបានរួចទោស។
ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំជាសម្ព័ន្ធ គឺជាក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល និងអ្នកមានទ្រព្យសម្បត្តិបំផុតមួយរបស់ពិភពលោក។

សារព័ត៌មាន Sky News រាយការណ៍ថា នេះគឺជាក្រុមម៉ាហ្វ្យា តែមួយគត់ដែលសកម្មនៅគ្រប់ទ្វីបទាំងអស់ ត្រូវគេនិយាយថាគ្រប់គ្រង ៨០ ភាគរយនៃពាណិជ្ជកម្មគ្រឿងញៀនកូកាអ៊ីនរបស់អឺរ៉ុប និងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ៥២ ពាន់លានផោន។
ការជំនុំជម្រះក្ដីនេះមានគោលបំណងធានាការផ្ដន្ទាទោស និងការកាត់ទោសដោយផ្អែកលើការចោទប្រកាន់ថា មានការឃុបឃិតគ្នាក្នុងចំណោមក្រុមឧក្រិដ្ឋកម្ម និងក្រុមអ្នកនយោបាយក្នុងស្រុក មន្ត្រីសាធារណៈនិងធុរកិច្ចជន ដើម្បីបង្ហាញថាតើក្រុមនេះមានឫសគល់ជ្រៅប៉ុណ្ណានៅក្នុងតំបន់ភ្នំកាឡាប្រីយ៉ា (Calabria)របស់ប្រទេសអ៊ីតាលី ។

ជនល្មើសបានប្រឈមទៅនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ ក៏ដូចជាការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងសមាគមម៉ាហ្វៀ ជាពាក្យដែលប្រើនៅក្នុងប្រទេសអ៊ីតាលី សម្រាប់សមាជិកនៃក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំជាសម្ព័ន្ធ៕