ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទថា ពិភពលោកបានឃើញចំនួនអ្នកស្លាប់ ដែលមិនអាចប្រៀបធៀបបាន និងមិនធ្លាប់មាន នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលត្រឹមតែជាង ៦សប្តាហ៍នៃសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលបានផ្ដាច់ជីវិតកុមាររាប់ពាន់នាក់។
អង្គការសហប្រជាជាតិ បាននិយាយថា នៅពេលបច្ចុប្បន្ននេះ ភាគច្រើន នៃប្រជាជនហ្កាហ្សាចំនួន ២លាន៣សែននាក់ គ្មានផ្ទះសម្បែង។

ឆ្លើយតបទៅនឹងសំណួរនៅក្នុងសន្និសីទសារព័ត៌មាន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់តំណែងរបស់លោក របាយការណ៍ស្តីពីកុមាររងគ្រោះក្នុងជម្លោះ បានបង្ហាញពីការពិតដ៏សោកសៅដែល "កុមាររាប់ពាន់នាក់" ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាក្នុងរយៈពេលពីរបីសប្តាហ៍ កន្លងមកនេះ។
ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ជនស៊ីវិលជាង១៣.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ចាប់តាំងពីកងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាដ៏ធំលើហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បានវាយប្រហារអ៊ីស្រាអែលដោយបានសម្លាប់មនុស្ស ១.២០០នាក់ ។

លោក Guterres បាននិយាយ តើនេះជាអ្វី? យើងកំពុងមើលឃើញការសម្លាប់ជនស៊ីវិល ដែលគ្មានអ្វីប្រៀបផ្ទឹមបាន និងមិនធ្លាប់មាននៅក្នុងជម្លោះណាមួយ ចាប់តាំងពីលោកកាន់តំណែងជាអគ្គលេខាធិការមកអង្គការសហប្រជាជាតិជាច្រើនឆ្នាំមកនេះ។
ជាមួយគ្នានេះ សាររបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន កាលពីថ្ងៃចន្ទ បានហៅស្ថានភាពនៅក្នុងជម្រកនានាថា "មិនអាចរស់បាន" ដោយសង្កត់ធ្ងន់លើកង្វះជម្រើសសម្រាប់ ពលរដ្ឋហ្កាហ្សា និងគ្មានកន្លែងសុវត្ថិភាពសម្រាប់ជនស៊ីវិល៕
