កងឆ្មាំល្បាតឆ្មេរជប៉ុនបាននិយាយនៅថ្ងៃអង្គារ (២១ វិច្ឆិកា) ថា ប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ប្រទេសជប៉ុនថា ខ្លួនគ្រោងនឹងបាញ់បង្ហោះយានចម្លងផ្កាយរណបនៅចន្លោះថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ក្នុងទិសដៅទៅកាន់សមុទ្រលឿង និងសមុទ្រចិនខាងកើត។
ប្រសិនបើការបាញ់បង្ហោះនោះត្រូវបានអនុវត្ត វាទំនងជាជាការប៉ុនប៉ងលើកទីបីរបស់រដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរក្នុងឆ្នាំនេះ ដើម្បីដាក់ផ្កាយរណបចារកម្មទៅក្នុងគន្លងតារាវិថី។

សេចក្តីជូនដំណឹងនេះបានជំរុញឱ្យមានការថ្កោលទោសភ្លាមៗពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលបាននិយាយថា ប្រព័ន្ធការពារជាតិរបស់ប្រទេសលោក រួមទាំងនាវាពិឃាត អេហ្គីស (Aegis) និងមីស៊ីលការពារដែនអាកាស PAC-3 បានត្រៀមខ្លួនរួចជាស្រេចក្នុងករណីមាន «ស្ថានភាពមិននឹកស្មានដល់» កើតឡើង។
លោក Kishida បាននិយាយថា ប្រទេសជប៉ុននឹងធ្វើការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀត ដើម្បី «ជំរុញឲ្យកាន់តែខ្លាំង» ដល់កូរ៉េខាងជើងកុំឱ្យបន្តការបាញ់បង្ហោះ។ ប្រទេសកូរ៉េខាងជើង បានព្យាយាមបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថាផ្កាយរណបចារកម្ម ចំនួនពីរដងមកហើយកាលពីដើមឆ្នាំនេះ ប៉ុន្តែមិនបានសម្រេច ហើយក្រុមមន្ត្រីកូរ៉េខាងត្បូង បាននិយាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ប្រទេសផ្ដាច់ខ្លួនមួយនេះហាក់ដូចជានឹងព្យាយាមបាញ់បង្ហោះម្តងទៀតក្នុងពេលឆាប់ៗនេះ។
ការបាញ់បង្ហោះនេះនឹងជាលើកដំបូងចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទស្សនកិច្ចដ៏កម្រនៅក្រៅប្រទេសក្នុងខែកញ្ញា ហើយបានទៅពិនិត្យមជ្ឈមណ្ឌលបាញ់បង្ហោះអវកាសទំនើបបំផុតរបស់រុស្ស៊ី ជាទីដែលលោកប្រធានាធិបតី វ្លាឌីមៀ ពីទីន បានសន្យាថានឹងជួយទីក្រុងព្យុងយ៉ាង សាងសង់ផ្កាយរណប៕
