រដ្ឋជាសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ និងបង្កើនជំនួយដល់តំបន់ហ្កាហ្សាកាលពីថ្ងៃច័ន្ទ។ ប្រទេសអ៊ីស្រាអែល បានបញ្ជាឱ្យពលរដ្ឋជម្លៀសចេញពីភាគខាងជើងតំបន់ហ្កាហ្សា ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់នៅតែមាននៅទីនោះ។ អាហារ ប្រេងឥន្ធនៈ ឱសថ និងទឹក បានអស់នៅទូទាំងតំបន់ស្ថិតក្រោមការហ៊ុមព័ទ្ធរយៈពេលប្រាំមួយសប្តាហ៍របស់អ៊ីស្រាអែល។

នៅភាគខាងត្បូង ជាកន្លែងដែលប្រជាជនហ្កាហ្សារាប់សែននាក់បានភៀសខ្លួនចេញមកពីភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធកំពុងជ្រកកោន តាមការរាយការណ៍ថា ក៏មានការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។ អង្គការសហប្រជាជាតិ និយាយថា ពីរភាគបីនៃប្រជាជន ២,៣ លាននាក់ នៅតំបន់ហ្កាហ្សា គ្មានលំនៅឋានរស់នៅនោះទេ។

ចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយឆ្មក់ឆ្លងព្រំដែនដ៏ឃោឃៅ ចូលទៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ជំរុញឱ្យអ៊ីស្រាអែល វាយលុកចូលដែនដីប៉ាឡេស្ទីន ដើម្បីដាក់គោលដៅលើក្រុមហាម៉ាស។ យោងតាមការសរុបចំនួនប្រជាជនអ៊ីស្រាអែលបានឲ្យដឹងថា មនុស្សប្រមាណ ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់ក្រុមហាម៉ាស ជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះ របស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីនចំនួន ១៣.៣០០នាក់ ត្រូវបានសម្លាប់ រួមទាំងកុមារយ៉ាងតិច ៥.៦០០នាក់ និងស្ត្រី ៣.៥៥០នាក់ ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ឥតស្រាកស្រាន្ត។