រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់ក្រុមអ្នកការទូតមកពីបណ្ដាប្រទេសអារ៉ាប់ និង មូស្លីមភាគច្រើនកាលពីថ្ងៃចន្ទ ថា សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ គ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។
គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសនៃអាជ្ញាធរប៉ាឡេស្ទីន ឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ុឌីត និងហ្ស៊កដានី កំពុងមានវត្តមានក្នុងទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាក្នុងបំណង កាត់បន្ថយការរីកកាន់តែធំនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលបច្ចុប្បន្ន។

លោក Wang បានប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសនៅក្នុងសុន្ទរកថាបើកនៅទីក្រុងប៉េកាំងថា សូមឱ្យយើងទាំងអស់គ្នាធ្វើការរួមគ្នាដើម្បីធ្វើឱ្យស្ថានការណ៍នៅតំបន់ហ្កាហ្សាឆាប់បានធូរស្រាលនិងស្ដារសន្តិភាពនៅមជ្ឈិមបូព៌ាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Wang បានប្រាប់ក្រុមប្រតិភូ រួមទាំងអគ្គលេខាធិការអង្គការសហប្រតិបត្តិការអ៊ីស្លាមថា គ្រោះមហន្តរាយមនុស្សធម៌ កំពុងរាលដាលនៅក្នុងតំបន់ហ្កាហ្សា។
លោកបាននិយាយថា ស្ថានភាពនៅតំបន់ហ្កាហ្សាប៉ះពាល់ដល់ប្រទេសទាំងអស់នៅជុំវិញពិភពលោកដោយចោទសួរពីអារម្មណ៍របស់មនុស្សអំពីភាពត្រឹមត្រូវ និងខុស និងចំណុចសំខាន់របស់មនុស្សជាតិ។

បណ្ដារដ្ឋមន្ត្រីមកពីប្រទេសអារ៉ាប់ និងមូស្លីម បានជំរុញប្រទេសចិន ដាក់សម្ពាធលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា៕