ភ្នំពេញ ៖ ប្រជាពលរដ្ឋជាគ្រួសារទទួលផលដែលបានជាប់ក្នុងការសម្ភាសន៍ សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ នៅថ្ងៃនេះ បានទៅបើកថវិកានៅតាមភ្នាក់ងារ វីង ដែលនៅជិតគេហដ្ឋានរបស់ពួកគាត់។ បន្ទាប់ពីទទួលបានថវិការួចរាល់ ពួកគាត់បង្ហាញភាពត្រេកអរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋគ្រប់កាលទេសៈ។
កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ជាកម្មវិធីជំនួយសង្គមអនុវត្តតែមួយដង សម្រាប់គ្រួសារមានជីវភាពខ្វះខាតក្នុងកំឡុងពេលបិទខ្ទប់ ក្នុងទីតាំងរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ និងសម្រាប់គ្រួសារដែលមានសមាជិកឆ្លងជំងឺកូវីដ ដែលមានជីវភាពខ្វះខាត និងសម្រាប់គ្រួសារដែលសមាជិកស្លាប់ដោយសារជំងឺកូវីដ ក្នុងក្របខណ្ឌទូទាំងប្រទេស។ សម្រាប់ជំហ៊ានដំបូងនេះ គឺមានគ្រួសារទទួលផលសរុបចំនួន ៦១៦៧៨ គ្រួសារ ដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៤លានដុល្លារអាមេរិក។
សម្រាប់គ្រួសារទទួលផល នាព្រឹកនេះ បានអញ្ជើញទៅតាមភ្នាក់ងារ វីង ដោយភ្ជាប់ជាមួយ អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទដែលផ្ដល់ជូនក្នុងការសម្ភាសន៍ដើម្បីបើកសាច់ប្រាក់ដែលជាការឧបត្ថម្ភរបស់រដ្ឋាភិបាល។ ក្រោយទទួលបានសាច់ប្រាក់រួចរាល់នាពេលនេះ ពួកគាត់ បានបង្ហាញការត្រេកអរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងគិតគូរ ជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋ គ្រប់កាលទេសៈ។ ពួកគាត់បញ្ជាក់ថា ថវិកាទាំងនេះ នឹងជួយសម្រួលភាពលំបាកមួយចំនួន ក្រោយពេលពួកគាត់បាត់បង់ចំណូលដោយសារការបិទខ្ទប់កន្លងមក។
សម្រាប់កម្មវិធីជំនួយសង្គមក្រោយពេលបិទខ្ទប់នេះ រដ្ឋាភិបាលកម្ពុជានៅតែអនុញ្ញាតនិងទុកពេលវេលាឱ្យ គ្រួសារមានជីវភាពលំបាកកំឡុងពេលបិទខ្ទប់ដទៃទៀត អាចមកដាក់ពាក្យទៅសង្កាត់ដើម្បីស្នើសុំការសម្ភាសន៍។ រយៈពេលដែលអាចបន្តដាក់ពាក្យស្នើសុំនេះ គឺមានរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ខែមិថុនា ខាងមុខ។
ក្នុងនាមជាអាជ្ញាធរ លោកស្រី សឿង សេរី ជាចៅសង្កាត់ដង្កោ លើកឡើងថា មន្ត្រីសង្កាត់គឺនៅតែទទួលការស្នើសុំរបស់គ្រួសារមានជីវភាពខ្វះខាត និងជំរុញឱ្យមន្ត្រីចុះសម្ភាសន៍ឱ្យបានលឿន ដើម្បីប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយសង្គមនេះ។
គួរបញ្ជាក់ថា សម្រាប់កម្មវិធីជំនួយសង្គមក្រោយបញ្ចប់ការបិទខ្ទប់នេះ គឺមានផ្ដោតលើចំណុចសំខាន់ចំនួន ៣ រួមមានថ្លៃស្បៀងអាហារ ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនី ដោយគ្រួសារទទួលផល អាចទទួលបានសាច់ប្រាក់ខុសគ្នា ទៅតាមចំនួនសមាជិកនៃគ្រួសារនីមួយៗ៕
អត្ថបទ៖ គឹមហុក