ខ្យល់ព្យុះដ៏ខ្លាំងក្លានៅភាគខាងត្បូងប្រទេសប្រេស៊ីល បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ កាលពីចុងសប្តាហ៍។
ទឹកជំនន់ទន្លេបានធ្វើឱ្យភូមិជាច្រើនត្រូវបានលិចលង់ ហើយយ៉ាងហោចណាស់មនុស្ស ៣១.០០០ នាក់ បានរងផលប៉ះពាល់ដោយភ្លៀងនៅក្នុងរដ្ឋ រីអូ ក្រានដេ ដូសុល (Rio Grande do Sul) ហើយជាង ១.៦០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ។

វីដេអូពីសារព័ត៌មានរ៉យទ័រ បានបង្ហាញពីមនុស្សដើរកាត់ផ្លូវលិចទឹក និងប្រើប្រាស់ទូកដើម្បីផ្លាស់ទី។ ភាគខាងត្បូងប្រទេសប្រេស៊ីល បានប្រឈមមុខនឹងព្រឹត្តិការណ៍អាកាសធាតុយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងភ្លៀងធ្លាក់ខ្លាំង និងព្យុះស៊ីក្លូនដ៏បំផ្លិចបំផ្លាញនៅក្នុងខែកញ្ញា ដែលបានបណ្តាលឱ្យមនុស្សជាង ៥០ នាក់ស្លាប់។

នៅក្នុងរដ្ឋ សាន់តា ខាតារីណា (Santa Catarina) អ្នកស្លាប់ជាច្រើនក៏ត្រូវបានរាយការណ៍ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយអភិបាលខេត្តបានប្រកាសភាពអាសន្ននៅក្នុងទីក្រុងចំនួន ៦៤ នៅរដ្ឋនេះ។
នៅក្នុងទីក្រុងចំនួនបួនដែលរងគ្រោះខ្លាំងជាងគេនៅរដ្ឋនេះ ភ្លៀងដែលបានធ្លាក់ក្នុងរយៈពេលបីថ្ងៃ គឺមានកម្រិតច្រើនជាងទ្វេដងនៃអ្វីដែលបានរំពឹងទុកសម្រាប់ខែវិច្ឆិកា ទាំងមូល៕